(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់ និងជំនិតមួយរូបរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ គឺលោក ម៉ាក មាដូវស៍ (Mark Meadows) បានប្រាប់សហការីលោកថា លោកមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រីអាមេរិកពីររូបបានបង្ហើបនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោក Meadows បានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណា។ លោក Meadows មិនបានធ្វើអត្ថាធិបាយអំពីរឿងនេះនៅឡើយទេ ហើយអ្នកនាំពាក្យសេតវិមាន ក៏មិនបានឆ្លើយតបតាមរយៈអ៊ីមែល និងសារទូរស័ព្ទ ដែលអ្នកសារព័ត៌មានបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយអំពីរឿងនេះដែរ។

គួរជម្រាបថា ជំនួយការយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ គឺលោក នីក ត្រេនណឺ (Nick Trainer) ក៏ឆ្លងវីរុសកូរ៉ូណា (COVID-19) នេះដែរ ហើយលោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។ ចំពោះលោក Mark Meadows វិញត្រូវបានមើលឃើញយ៉ាងច្បាស់ថា បានអមដំណើរលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយឈានចូលមកដល់ព្រឹកថ្ងៃពុធកន្លងទៅនេះ លោកក៏បានបង្ហាញមុខជាសាធារណម្តងទៀតដែរ ប៉ុន្តែមិនបានពាក់ម៉ាសនោះឡើយ៕