(វ៉ាស៊ីនតោន)៖ រយៈពេល ០៣ថ្ងៃមកហើយ បន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់ជាផ្លូវការ សហរដ្ឋអាមេរិក និងពិភពលោកនៅតែមិនទាន់ដឹងពីលទ្ធផលចុងក្រោយនៅឡើយទេ បើទោះបីជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅតែបន្តនាំមុខ និងអះអាងថា លោកនឹងក្លាយជាអ្នកគ្រប់គ្រងថ្មីរបស់សេតវិមាន បើមើលទៅលើលទ្ធផលមិនទាន់ផ្លូវការនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ការរង់ចាំលទ្ធផលការបោះឆ្នោត បានបង្កឲ្យមានភាពតានតឹងនៅទូទាំងប្រទេស ខណៈដែលលោក ត្រាំ នៅតែបន្តចោទប្រកាន់ដោយគ្មានភស្តុតាងថា គណបក្សប្រជាធិបតេយ្យបានក្លែងបន្លំសន្លឹកឆ្នោត។ ប៉ុន្តែការពន្យារពេល ឬយឺតយ៉ាវនៅក្នុងការរាប់សន្លឹកឆ្នោតនោះ វាកើតឡើងដោយសារតែរដ្ឋនីមួយៗ មិនស្ថិតនៅក្រោមប្រព័ន្ធបោះឆ្នោតរួម។

រដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានប្រជាជនច្រើនបំផុត បានប្រកាសជ័យជម្នះឲ្យលោក បៃដិន ភ្លាមៗបន្ទាប់ពីការបោះឆ្នោតបានបិទនៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែតាមពិតទៅការប្រកាស គឺយោងតាមការប៉ាន់ស្មាន ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានប៉ុណ្ណោះ ជាជាងការរង់ចាំលទ្ធផលចេញជាផ្លូវការ ដោយប្រការនេះមានន័យថា ការរាប់សន្លឹកឆ្នោតជាក់ស្តែងត្រូវប្រើពេលយូរជាងនេះ ដើម្បីកំណត់ពីលទ្ធផលផ្លូវការនៅក្នុងរដ្ឋ ប៉ុន្តែវាមិននឹងមិនខុសពីការចុះផ្សាយលទ្ធផលមុននោះឡើយ។

នៅជុំវិញបញ្ហានេះ អាជ្ញាធរនៅក្នុងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ជារដ្ឋដ៏សំខាន់មួយ ដែលអាចកំណត់ពីជោគវាសនាប្រធានាធិបតី បានពន្យល់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា នៅពេលការប្រកួតប្រជែងកាន់តែស្វិតស្វាញ នោះការចំណាយរាប់សន្លឹកឆ្នោត ក៏ត្រូវប្រើពេលកាន់តែយូរដែរ។ រដ្ឋនានាក៏មានពេលវេលាកំណត់ផ្សេងៗគ្នា ក្នុងការទទួលយកសន្លឹកឆ្នោត នៃអ្នកអវត្តមានមិនបានទៅបោះឆ្នោតផ្ទាល់ ជាពិសេសចំពោះយោធា ឬពលរដ្ឋដែលរស់នៅក្រៅប្រទេស។ ជាក់ស្តែងរដ្ឋណតស៍ខារ៉ូលីណា (North Carolina) បានរាប់សន្លឹកឆ្នោតយ៉ាងតិចបំផុត នោះគឺចំនួន ១៧១,០០០សន្លឹក ដែលអាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត ព្រោះបើតាមច្បាប់ រដ្ឋនេះនឹងបន្តទទួលសន្លឹកឆ្នោត មកពីតាមប្រៃសណីយ៍រហូតដល់ថ្ងៃទី ១២ខែវិច្ឆិកា ដែលនៅពួកវាតែអាចទទួលយកបាន ដរាបណាសន្លឹកឆ្នោតទាំងនោះត្រូវបានបោះត្រានៅថ្ងៃបោះឆ្នោត (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០)។

ស្រដៀងគ្នានេះដែរ រដ្ឋ Nevada ដែលការប្រកួតប្រជែងមានភាពត្រដមត្រសងគ្នា នឹងបន្តរាប់សន្លឹកឆ្នោតដែលមានបោះត្រានៅថ្ងៃបោះឆ្នោត ដរាបណាមកដល់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា។ មូលហេតុផ្សេងៗទៀត ដែលបណ្តាលឲ្យមានការពន្យារពេលផងដែរនោះ គឺជាសន្លឹកឆ្នោតដែលចេញឲ្យអ្នកបោះឆ្នោត ប្រសិនបើពួកគេមានការភ័ន្តច្រឡំអំពីការចុះឈ្មោះរបស់ពួកគេ និងត្រូវការការផ្ទៀងផ្ទាត់ឡើងវិញ។

ទន្ទឹងគ្នានេះ ជាមួយនឹងក្តីបារម្ភពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 បណ្តារដ្ឋនានាដែលធ្លាប់ទទួលបានសន្លឹកឆ្នោតអវត្តមាន (អ្នកមិនអាចមកបោះឆ្នោតផ្ទាល់) ក្នុងចំនួនកំណត់ លើកនេះបានទទួលសន្លឹកឆ្នោតអវត្តមានបែបនេះ ក្នុងចំនួនយ៉ាងច្រើនលើសលប់ ដោយសារតែពលរដ្ឋមិនចង់ប្រថុយ ទៅចូលរួមការបោះឆ្នោតដោយផ្ទាល់។ បើតាមការប៉ាន់ស្មានពលរដ្ឋអាមេកាំងប្រហែលជា ៦៥.២លាននាក់នៃចំនួនអ្នកបានទៅបោះឆ្នោត ១៦០លាននាក់បានផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍។

ងាកទៅរដ្ឋ Pennsylvania វិញ ដែលក្រុមនីតិប្បញ្ញត្តិដឹកនាំដោយគណបក្សសាធារណរដ្ឋ បានច្រានចោលកិច្ចប្រឹងប្រែង ដើម្បីអនុញ្ញាតឲ្យអាជ្ញាធររាប់សន្លឹកឆ្នោតមុនថ្ងៃបោះឆ្នោត ប្រការនេះទើបទីក្រុងធំបំផុតរបស់រដ្ឋគឺទីក្រុង Philadelphia ជាមូលដ្ឋានរឹងមាំរបស់គណបក្សប្រជាធិបតេយ្យ បានទទួលយកសន្លឹកឆ្នោតក្រោយគេ។ ដោយឡែក តំបន់ខ្លះទៀតក៏មានកត្តាផ្សេងៗទៀត ដែលអាចពន្យារពេលនៃរាប់សន្លឹកឆ្នោតដូចជានៅសង្កាត់ឆាតហាំ (Chatham County) នៅក្នុងរដ្ឋ ចរជា (Georgia) ដែលមានក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងការិយាល័យចុះឈ្មោះ ដើម្បីពិនិត្យមើលសន្លឹកឆ្នោតផ្សេងពីគ្នា។

គួរជម្រាបថា យុទ្ធនាការរបស់លោក ត្រាំ បានចាប់យកឱកាសនៃការពន្យារពេល ដើម្បីទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋដែលលោក បៃដិន កំពុងនាំមុខជាពិសេសនៅរដ្ឋ Pennsylvania ដែលគណបក្សសាធារណរដ្ឋចង់ឲ្យដោះស្រាយបញ្ហានេះ នៅតុលាការកំពូល។ គណបក្សសាធារណរដ្ឋបានរារាំងការអនុញ្ញាតឲ្យរដ្ឋ Pennsylvania រាប់សន្លឹកឆ្នោត ដែលត្រូវបានបោះត្រានៅថ្ងៃបោះឆ្នោត ប្រសិនបើពួកវាទៅដល់ត្រឹមថ្ងៃសុក្រ។

បន្ថែមពីនេះនៅរដ្ឋ Wisconsin ដែលជារដ្ឋលោក បៃដិន បានទទួលជ័យជម្នះយ៉ាងប្រកិតគ្នា នៅក្នុងលទ្ធផលដែលបានប្រកាសកាលពីព្រឹកថ្ងៃពុធ តុលាការកំពូលអាមេរិកបានសម្រេចថា មានតែសន្លឹកឆ្នោតដែលត្រូវបានទទួលនៅថ្ងៃបោះឆ្នោតប៉ុណ្ណោះ ដែលអាចរាប់បាន។ មន្ត្រីតំណាងនៃបក្សទាំងពីរ ក៏ត្រូវបានអនុញ្ញាតឲ្យទៅអង្កេតមើល ការរាប់សន្លឹកឆ្នោតផងដែរ ប៉ុន្តែត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ៤.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការឆ្លង COVID-19៕