(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បាននិយាយថា លោកមានទំនុកចិត្តខ្ពស់លើដំណើរការបោះឆ្នោត នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការអះអាងដោយគ្មានភស្តុតាង អំពីការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Boris Johnson ដែលកន្លងមកត្រូវបានអ្នកតាមដានមើលឃើញថា មិនគាំទ្រនយោបាយលោក ដូណាល់ ត្រាំ នោះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានទំនុកចិត្តលើការត្រួតពិនិត្យ និងរក្សាតុល្យភាព នៃរដ្ឋធម្មនុញ្ញអាមេរិក»។ ប៉ុន្តែលោក Johnson បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ ចំពោះសំនួរដែលថា តើទំនាក់ទំនងរវាងអង់គ្លេស និងសហរដ្ឋអាមេរិក អាចវិវឌ្ឍន៍នៅក្នុងទិដ្ឋភាពបែបណា ប្រសិនបើលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិថ្មី។

លោក Johnson បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ប្រសិនបើខ្ញុំជាអ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក ខ្ញុំមិនគិតថា ខ្ញុំចង់ឲ្យរដ្ឋាភិបាលបរទេសណាមួយ ធ្វើការអត្ថាធិប្បាយអំពីការបោះឆ្នោតរបស់ខ្ញុំនោះឡើយ។ ខ្ញុំគិតថា នៅពេលដែលសន្លឹកឆ្នោតកំពុងត្រូវបានរាប់ យើងគួរតែរង់ចាំមើលលទ្ធផលវាសិន»

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្ខេកជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងនាំមុខ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប ខណៈចំនួនសំឡេងអ្នកបោះឆ្នោតតំណាងសរុប ដើម្បីជាប់ឆ្នោតប្រធានាធិបតី គឺ ២៧០រូប។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចបង្គ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ៕