(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) មកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបាន និងកំពុងនាំមុខក្នុងលទ្ធផលបោះឆ្នោត​នៅក្នុងរដ្ឋសំខាន់ៗរួចទៅហើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី Pelosi បានថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈលោក បៃដិន កំពុងនាំមុខលោក ត្រាំ នៅក្នុងរដ្ឋដែលមានសក្ដានុពលមួយគឺរដ្ឋ Pennsylvania ថា «នៅព្រឹកនេះវាច្បាស់ណាស់ថា Biden-Harris នឹងឈ្នះនៅសេតវិមាន។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក បៃដិន នឹងមានអាណត្តិដ៏រឹងមាំដើម្បីដឹកនាំ ហើយវាគឺជាថ្ងៃរីករាយបំផុតសម្រាប់ប្រទេសរបស់យើង ដោយលោក បៃដិន គឺជាអ្នកបង្រួបបង្រួមមួយពីព្រោះគាត់បានប្តេជ្ញាចិត្តថា នឹងដឹកនាំប្រទេសយើងទៅមុខរួមគ្នា»។

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្ខេកជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងនាំមុខ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប ខណៈចំនួនសំឡេងអ្នកបោះឆ្នោតតំណាងសរុប ដើម្បីជាប់ឆ្នោតប្រធានាធិបតី គឺ ២៧០រូប។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចបង្គ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ៕