(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) ពេលនេះកំពុងមានសំឡេងនាំមុខលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ថែមមួយទៀត នៅវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយជំរុញឲ្យលោក កាន់តែសម្លឹងមើលឃើញជ័យជម្នះ លើលោកប្រធានាធិបតី ត្រាំ បន្ទាប់ពីទើបនាំមុខក្នុងរដ្ឋ ចរជា (Goergia) កាលពីប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន FOX NEWS នៅយប់ថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅភ្នំពេញ)។

បើតាម Fox News លោក Joe Biden កំពុងនាំមុខលោក ត្រាំ ជិត ៧,០០០សំឡេងនៅក្នុងរដ្ឋ Pennsylvania។ ការនាំមុខនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក បៃដិន ក៏បាននាំមុខត្រាំនៅក្នុងរដ្ឋ Georgia ផងដែរ ដែលសុទ្ធតែជារដ្ឋសំខាន់ៗ ដែលអាចសម្រេចជោគវាសនា អនាគតប្រធានាធិបតីអាមេរិកទី ៤៦។

ប្រសិនបើលោក Biden នៅតែអាចរក្សាការនាំមុខរបស់លោក នៅក្នុងរដ្ឋ Pennsylvania ដែលមានអង្គបោះឆ្នោតចំនួន ២០រូបនេះ នោះលោកពិតអាចបង្កើនសំឡេង ដើម្បីអាចក្លាយជាប្រជាធានាធិបតីអាមេរិក អាណត្តិថ្មីបាន ត្បិតថានៅពេលនេះបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរូបនេះ កំពុងមានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាងនៅក្នុងដៃសរុប ២៦៤រូបរួចស្រេចទៅហើយ ខណៈចំនួនអង្គបោះឆ្នោតសរុប ដើម្បីជាប់ឆ្នោតប្រធានាធិបតីគឺ ២៧០រូប៕

គួរជម្រាបថា រហូតមកទល់ពេល បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចគ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ៕