(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ថា មានគម្រោងលាលែងចេញពីតំណែង នៅឆ្នាំ២០២១ខាងមុខនេះ ខណៈកំពុងមានពាក្យចចាមអារ៉ាមផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៊ីថា បុរសខ្លាំងរូបនេះប្រហែលជាមាន ជំងឺផ្នែកប្រព័ន្ធប្រសាទមួយប្រភេទ ដែលហៅជាភាសាអង់គ្លេសថា Parkinson (ផាឃីនសុន)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន New York Post នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ព័ត៌មានស្ដីពីពាក្យចចាមអារ៉ាមខាងលើ ត្រូវបានចេញផ្សាយមុនគេដោយសារព័ត៌មាន The Sun។ The Sun ដោយផ្អែកលើអ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីម្នាក់ឈ្មោះ វ៉ាឡឺរី សូឡូវៃ (Valery Solovei) បានឱ្យដឹងថា មិត្តស្រីរបស់លោក ពូទីន មានអាយុ ៣៧ឆ្នាំឈ្មោះ អាលីណា កាបេវ៉ា (Alina Kabaeva) និងកូនស្រីទាំង ០២នាក់របស់លោក គឺជាអ្នកជំរុញឱ្យលោកលាលែងពីតំណែង។ លោក Solovei បានបន្ថែមទៀតថា លោក ពូទីន ប្រហែលជាមានជំងឺ Parkinson ដែលជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទ ស្របពេលបុរសខ្លាំងរូបនេះត្រូវបានគេប្រទះឃើញ បញ្ចេញអការៈរោគនៃជំងឺនេះ ក្នុងនោះរួមមានការញាក់ជើងជាញឹកញាប់ កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈលោក ពូទីន ផ្ទាល់ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វី ទៅនឹងពាក្យចចាមអារ៉ាមខាងលើនោះដែរ។ ទោះជាបែបនេះក្តី លោក ពូទីន មានភាពល្បីល្បាញជាយូរយាណាស់មកហើយ អំពីរូបរាងកាយដ៏រឹងមាំរបស់លោក ខណៈបុរសខ្លាំងរបស់រុស្ស៊ីរូបនេះ គឺជាអ្នកស្រឡាញ់ខាងវិស័យកីឡាជាច្រើនប្រភេទ និងអាចតស៊ូប្រយុទ្ធបានគ្រប់កាលៈទេសៈទាំងអស់៕