(តៃយាន)៖ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសចិនបានធ្វើការបាញ់បង្ហោះផ្កាយរណប សរុបរហូតដល់ទៅ ១៣គ្រឿងឡើងទៅកាន់គន្លងគោចរជុំវិញផែនដី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតតែមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងចំណោមផ្កាយរណបទាំង ១៣គ្រឿងខាងលើនេះ ១០គ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សាធែឡូជីក (Satellogic) របស់ប្រទេសអាហ្សង់ទីន។ ពួកវាត្រូវបានគ្រាប់រ៉ុក្កែត Long March-6 របស់ចិន ដឹកនាំឡើងទៅកាន់ទីគន្លងតារាវិថីដោយជោគជ័យ ក្រោយការបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលតៃយាន (Taiyuan) នៃខេត្តសានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន នៅវេលាម៉ោង ១១៖១៩នាទីព្រឹកថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះខាងលើនេះ គឺជាលើកទី ៣៥១ហើយនៃការប្រើប្រាស់គ្រាប់រ៉ុក្កែតស៊េរី Long March របស់ចិន ដើម្បីបាញ់បង្ហោះយានស្រាវជ្រាវ ក៏ដូចជាផ្កាយរណបនានារបស់ចិន និងបណ្តាអតិថិជនបរទេសផ្សេងៗ ទៅកាន់ទីអវកាសជិតឆ្ងាយ៕