(ដេឡាវែរ)៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននិយាយថា នៅពេលខ្លះប្រជាធិបតេយ្យតែងជួបភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងពិបាកដោះស្រាយ ដែលតម្រូវឱ្យមានការអត់ធ្មត់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ ចំពេលការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើឡើងដោយចម្រូងចម្រាស លាយឡំជាមួយបាតុកម្មតវ៉ាពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក និងអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ។ ក្រុមអ្នកគាំទ្រលោក ត្រាំ បាននិងកំពុងស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត រីឯក្រុមអ្នកគាំទ្រលោក បៃដិន កំពុងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងស្រុង។

នៅក្នុងសុន្ទរកថាខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «ពេលខ្លះប្រជាធិបតេយ្យតែងជួបភាពរញ៉េរញ៉ៃ និងស្មុគស្មាញពិបាកដោះស្រាយ ហើយពេលខ្លះក៏តម្រូវឱ្យមានការអត់ធ្មត់ផងដែរ»។ លោក បៃដិន នៅតែទទូចឱ្យមានការរាប់សន្លឹកឆ្នោតទាំងស្រុង ប៉ុន្តែទន្ទឹមគ្នាលោកបានបង្ហាញជំនឿចិត្តលោកនឹង «ឈ្នះ» នៅក្នុងការបោះឆ្នោតអាណត្តិថ្មីឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះលទ្ធផលបោះឆ្នោតនៅតែដដែល ដោយលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង ២៦៤រូប ទៅនឹង ២១៤រូប។ ចំណែកឯ ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ ចរជា (Georgia), ភែនស៊ីលវេនៀ (Pennsylvania), ណេវ៉ាដា (Nevada), ណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ អាឡាស្កា (Alaska) នៅតែបន្តដំណើរការ ស្របពេលចៅក្រមក្នុងរដ្ឋ មីឈីហ្គែន (Michigan) និងរដ្ឋ Georgia បានទាត់ចោលពាក្យបណ្ដឹងរបស់ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Swing State ទាំងពីរនេះ។ ទោះជាបែបនេះក្តី ពួកគេបានសន្យាថា នឹងធ្វើការតវ៉ាតាមផ្លូវច្បាប់ជាបន្តនៅក្នុងរដ្ឋ ណេវ៉ាដា (Nevada)៕