(វ៉ាស៊ីនតោន)៖ ការិយាល័យប្រឹក្សាយោបល់ពិសេស នៃសហរដ្ឋអាមេរិក (US Office of Special Counsel) បានបើកការស៊ើបអង្កេតមួយលើចោទប្រកាន់ដែលថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់សេតវិមានជាទីបញ្ជាការមួយនៅថ្ងៃបោះឆ្នោត ដែលនេះជាទង្វើបំពានច្បាប់សហព័ន្ធ។ នេះបើតាមការលើកឡើងពីសមាជិកសភាលោក បៀល ផាស្ក្រែល (Bill Pascrell) ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Bill Pascrell ជាសមាជិកសភាតំណាងរាស្ត្រម្នាក់ មកពីគណបក្សប្រជាធិបតេយ្យបានឱ្យដឹងទៀតថា ទីភ្នាក់ងារខាងលើបានទទួលយកសំណើរបស់លោក ដែលស្នើឱ្យមានបើកការស៊ើបអង្កេតដោយទីភ្នាក់ងារនេះ ថែមទាំងបានប្រាប់លោកផងដែរថា ពួកគេនឹងបើកការស៊ើបអង្កេតស្វែងរកការពិតថា តើក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានបំពានច្បាប់ ហាចអ៊ែក (Hatch Act) ដែរឬទេ។

គួរបញ្ជាក់ថា ច្បាប់ Hatch Act ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៣៩ គឺជាច្បាប់មួយដែលដាក់កំហិតលើសកម្មភាពនយោបាយ របស់មន្ត្រីរដ្ឋាភិបាលសហព័ន្ធ លើកលែងតែប្រធានាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះ។ បើតាមលោក Pascrell ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ រួមទាំងលោក ត្រាំ ត្រូវបានគេចោទថា បានប្រើប្រាស់បន្ទប់សង្រ្គាមនៃការិយាល័យប្រតិបត្តិ អ៉ីសិនហូវើ (Eisenhower Executive) នៃសេតវិមាន ដើម្បីតាមដានការវិវត្តលទ្ធផលនៅថ្ងៃបោះឆ្នោត៕