(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅតែបន្តបំបែកកំណត់ត្រា សម្រាប់ករណីជំងឺឆ្លងជំងឺ COVID-19 ដែលទើបត្រូវបានរកឃើញប្រចាំថ្ងៃរហូតដល់ទៅជាង ១១៥,៩១៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ខណៈរដ្ឋនានានៅទូទាំងប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីៗ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភ នៅចំពោះដំណើរការរាប់ សន្លឹកឆ្នោត ដែលមិនទាន់បញ្ចប់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ករណីឆ្លងបានកើនឡើងយ៉ាងគំហុក រួមទាំងចំនួនមនុស្សដែលទទួលការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផងដែរ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ឬ ប្រធានាធិបតីថ្មី ត្រូវប្រឈមនៅប៉ុន្មានខែមុនរដូវរងា និងថ្ងៃឈប់សម្រាកដែលកាន់តែខិតជិតមកដល់។ វេជ្ជបណ្ឌិត រ៉ូបឺត មើហ្វី (Robert Murphy) ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានសុខភាពសាធារណៈ នៅសាកលនៅសាកលវិទ្យាល័យ ណតស៍វែស្ទឺន (Northwestern) បានបញ្ជាក់ថា អាណត្តិដឹកនាំរបស់លោក ត្រាំ នឹងបន្តបញ្ចប់រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ ហើយទៅដល់ពេលនោះពលរដ្ឋអាមេរិកាំងច្រើនជាង ១សែននាក់ទៀត អាចនឹងបង់ជីវិតដោយសារជំងឺ COVID-19 បើសិនមិនដាក់ចេញនូវវិធានការចំបាច់ ដើម្បីទប់ស្កាត់នោះទេ។

យោងតាមទិន្នន័យចេញផ្សាយដោយ worldometers ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ ១១៥,៩១៤នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩.៩លាននាក់ ខណៈអ្នកស្លាប់ថ្មី១,១១៨នាក់ក៏ត្រូវបានគេរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ២៤០,៩៤៦នាក់៕