(វ៉ាស៊ីនតោន)៖ ចៅក្រមនៅក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បានទាត់ចោលពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការរាប់សន្លឹក ឆ្នោតនៅក្នុងរដ្ឋ Swing state ទាំងពីរនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ចៅក្រមក្នុងរដ្ឋ Michigan លោកស្រី Cynthia Stephens បានសម្រេចចិត្តបដិសេធពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ ដែលចង់ឱ្យមានការរាប់ សន្លឹកឆ្នោតឡើងវិញ ខណៈលទ្ធផលបង្ហាញថាលោក បៃដិន គឺជាឈ្នះនៅក្នុងរដ្ឋមួយនេះ។ លោកស្រី បន្តថាមានគម្រោងចេញផ្សាយការសម្រេចចិត្តនេះជាលាយលក្ខអក្សរ នៅថ្ងៃសុក្រនេះ។ ចំណែកឯ ពាក្យបណ្ដឹងស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Georgia ក៏ត្រូវបានចៅក្រមក្នុងរដ្ឋនេះបដិសេធផងដែរ។

យ៉ាងណាក៏ដោយ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ តែលោក ត្រាំ ផ្ទាល់បានចោទថាមានការក្លែងបន្លំនៅក្នុងការបោះឆ្នោត ហើយថាលោកគឺជាអ្នកឈ្នះ បើសិនជាគេរាប់តែសន្លឹកឆ្នោតស្របច្បាប់៕