(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយដោយគ្មានបង្ហាញភស្តុតាង ថាបើសិនជាគេរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលបានជ័យជម្នះ យ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានយ៉ាងខ្លី ចេញពីសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«បើសិនជា អ្នករាប់សន្លឹកឆ្នោតស្របច្បាប់ ខ្ញុំនឹងឈ្នះយ៉ាងងាយស្រួល»។ លោក ត្រាំ បន្ថែមទៀតថាការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្ន មានន័យសម្រាប់លោកថាការបោះឆ្នោតនេះត្រូវបាន គេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិក បោះតាមប្រៃសណីយ៍។

គួរជម្រាបថា មកទល់នឹងពេលនេះ លទ្ធផលបោះឆ្នោតនៅតែដដែល ដោយលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង ២៦៤រូប ទៅនឹង២១៤រូប ខណៈការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania, Nevada, North Carolina និងរដ្ឋ Alaska នៅតែបន្តដំណើរការ រីឯបាតុកម្មតវ៉ារវាងអ្នកគាំទ្រលោក ត្រាំ និងអ្នកគាំទ្រលោក បៃដិន ជុំវិញការរាប់សន្លឹកឆ្នោតក៏កំពុងផ្ទុះឡើងផងដែរ៕