(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណេកា (AstraZeneca) នៃចក្រភពអង់គ្លេស ដែលកំពុងអភិវឌ្ឍន៍បេក្ខភាពវ៉ាក់សាំង COVID-19 ដែលឈានមុខគេមួយនៅលើពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះ បានគូសបញ្ជាក់ជាថ្មីថា ខ្លួននៅតែរំពឹងទទួលបានលទ្ធផលពីការធ្វើតេស្តដំណាក់កាលចុងក្រោយនៃបេក្ខភាពវ៉ាក់សាំងរបស់ខ្លួននៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយគ្នានេះក្រុមហ៊ុន AstraZeneca ក៏បានចេញរបាយការណ៍អំពីកំណើននៃការលក់ផលិតផលឱសថរបស់ខ្លួន សម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០នេះ ដែលលើសពីការប៉ាន់ស្មានផងដែរ។ ការលក់ឱសថ ដែលមិនរាប់បញ្ចូលការទូទាត់ពីកិច្ចសហប្រតិបត្តិការ បានកើនឡើង៧ភាគរយ គឺឡើងដល់៦.៥២ពាន់លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី៣នៃឆ្នាំនេះ គឺគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា កន្លងហួសទៅនេះ។

គួរជម្រាបថា ក្រុមហ៊ុន AstraZeneca ក៏ដូចជាក្រុមហ៊ុនផលិតឱសថមួយចំនួន កំពុងតែប្រកួតប្រជែងគ្នាចេញផ្សាយនូវលទ្ធផលលម្អិតដំបូង នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលចុងក្រោយរបស់ពួកគេ។ វ៉ាក់សាំងត្រូវគេមើលឃើញថា ជាជម្រើសប្រសើរជាងគេបំផុតរបស់ពិភពលោក ក្នុងការយកឈ្នះលើជំងឺរាតត្បាតជាសកលនេះ ដែលបានសម្លាប់មនុស្សជាង១.២លាននាក់ បណ្តាលឲ្យសេដ្ឋកិច្ចប្រទេសជាច្រើនរងការខូចខាត ព្រមទាំងបង្កភាពរាំងស្ទះដល់ជីវិតមនុស្សរាប់ពាន់លាននាក់៕