(វ៉ាស៊ីនតោន)៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell បាននិយាយថាសភាទាំង២របស់សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែអនុម័តលើ កញ្ចប់ថវិកាជំនួយសង្រ្គោះកូវីដ១៩ថ្មីមួយ ឱ្យបានមុនដំណាច់ឆ្នាំ២០២០នេះ ខណៈករណីឆ្លងនៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ លោក Mitch McConnell បានលើកឡើងដូច្នេះថា៖ «វីរុសកូរ៉ូណា មិនទាន់រលាយបាត់នៅឡើយទេ ហើយយើង បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់»។ លោក បន្ថែមទៀតថាព្រឹទ្ធសភា នឹងបើកសម័យប្រជុំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ជាមួយក្ដីរំពឹងថាអាចនឹងឈានដល់ការ អនុម័តកញ្ចប់ថវិកាជំនួយសង្រ្គោះកូវីដ១៩ នៅដំណាច់ឆ្នាំ២០២០នេះ។

គួរជម្រាបថា ប្រធានសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi និងរដ្ឋមន្ត្រីរតនាគារជាតិ លោក Steven Mnuchin បានជួបចរចាគ្នាជាច្រើន លើកមកហើយដែរ លើកញ្ចប់ថវិកាជំនួយសង្រ្គោះកូវីដ១៩ តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ សភាតំណាងរាស្រ្តគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ កាលពីខែតុលា បានអនុម័តកញ្ចប់ថវិកាជំនួយសង្រ្គោះ ២.២ទ្រីលានដុល្លារ ខណៈព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នៅតែទទូចចង់បានកញ្ចប់ថវិកា ទាបជាង១ទ្រីលានដុល្លារ៕