(វ៉ាស៉ីនតោន)៖ ទោះបីជាសហរដ្ឋអាមេរិកត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ដកឈ្មោះចេញពីសន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុ នៃទីក្រុងប៉ារីសជាផ្លូវការពិតមែន ក៏លោក ចូ បៃដិន នៅតែបានប្តេជ្ញាជាថ្មីថា លោកនឹងត្រឡប់ចូលសន្ធិសញ្ញានេះវិញ នៅពេលក្លាយខ្លួនជាប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក បៃដិន បានបង្ហោះសារលើ Twitter នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «ថ្ងៃនេះរដ្ឋបាលលោក ត្រាំ បានដើរចេញពីសន្ធិសញ្ញាអាកាសធាតុ ទីក្រុងប៉ារីសជាផ្លូវការ។ ក្នុងរយៈពេល ៧៧ថ្ងៃគត់រដ្ឋបាលលោក បៃដិន នឹងចូលក្នុងសន្ធិសញ្ញានេះវិញ»។ សម្រាប់រយៈពេល ៧៧ថ្ងៃដែលលោក បៃដិន បានលើកឡើងនេះ គឺចង់សំដៅលើពេលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រសិនបើលោកជាប់ឆ្នោត។

លោក ចូ បៃដិន បានបង្ហោះសារប្រកបដោយជំនឿជឿជាក់ដូចខាងលើ ស្របពេលដែលលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី កំពុងបង្ហាញថា រូបលោកកំពុងនាំមុខជាមួយសំឡេង ២៦៤ ទល់នឹង ២១៤សំឡេងរបស់លោក ត្រាំ ខណៈ ២៧០សំឡេងគឺត្រូវការ ដើម្បីឈានទៅរកការក្លាយជាប្រធានាធិបតី។

គួរជម្រាបថា លោក បៃដិន ធ្លាប់បានស្នើឡើងនូវផែនការមួយដែលត្រូវការទឹកប្រាក់ ១.៧ទ្រីលានដុល្លារ ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនខ្លាំងក្លាជាងគេទីពីរនៅលើពិភពលោក ក្លាយទៅជាប្រទេសដែលបញ្ចេញឧស្ម័ននេះក្នុងកម្រិតសូន្យនៅឆ្នាំ២០៥០ ខណៈលោកបានបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុសកល គឺជាអាទិភាពចម្បងសម្រាប់លោក។

ចំណែកលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្នវិញ កន្លងបានផ្តល់ការគាំទ្រជាខ្លាំង ដល់ឧស្សាហកម្មឥន្ធនៈហ្វូស៉ីល និងបារម្ភអំពីបញ្ហាបម្រែបម្រួលអាកាសធាតុឡើយ ហើយថែមធ្វើឲ្យច្បាប់ផ្សេងៗទៀត ដែលសំដៅការពារបរិស្ថានចុះខ្សោយផងដែរ៕