(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានដាក់ពាក្យបណ្ដឹងមួយ ជាការ តវ៉ាតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោត តំណាង ២៦៤រូប ទៅនឹង២១៤រូប។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ៤៩.៣ភាគរយ ទល់នឹង៤៨.៧ភាគរយ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង៦រូប នោះសមល្មមគ្រប់គ្រាន់ឱ្យលោកទទួលបាន អ្នកបោះឆ្នោតតំណាង២៧០រូប។

គួរបញ្ជាក់ថា នៅក្នុងរដ្ឋ Georgia លោក ត្រាំ កំពុងនាំមុខលោក បៃដិន ៤៩.៩ភាគរយ ទល់នឹង៤៨.៩ភាគរយ ហើយរដ្ឋមួយនេះទៀតសោត មានអ្នកបោះឆ្នោតតំណាង ១៦រូប។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានអះអាងថាលោកនឹងស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍បញ្ឈប់ការរាប់សន្លឹកឆ្នោត ស្របពេលក្រុមយុទ្ធនាការ របស់លោកក៏បានដាក់ពាក្យបណ្ដឹង ស្នើបញ្ឈប់ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Michigan និងរដ្ឋ Pennsylvania ផងដែរ។ លោក ត្រាំ តែងតែចោទប្រកាន់ថាការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសនីយ៍៕