(ឡុងដ៍)៖ សាកលវិទ្យាល័យអង់គ្លេស Oxford គ្រោងនឹងបង្ហាញលទ្ធផលនៃការតេស្តដំណាក់កាលចុងក្រោយ នៃបេក្ខជនវ៉ាក់សាំង COVID-19 របស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយក្តីសង្ឃឹមថា ចក្រភពអង់គ្លេសអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជោគជ័យ នៅចុងខែធ្នូ ឬដើមឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

វ៉ាក់សាំងដែលមានប្រសិទ្ធភាព ត្រូវបានគេមើលឃើញថា ជាអ្នកផ្លាស់ប្តូរជោគវាសនាដ៏សំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១.២ លាននាក់នៅទូទាំងពិភពលោក និងបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ទើគ្រប់ទីកន្លែង ជាប់គាំង។

ប្រធានផ្នែកស៊ើបអង្កេតវ៉ាក់សាំង Oxford លោក Andrew Pollard បានប្រាប់សមាជិកសភាអង់គ្លេស អំពីការបង្ហាញលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 យ៉ាងដូច្នេះថា «ខ្ញុំមានសុទិដ្ឋិនិយម យើងនឹងអាចឈានដល់ចំណុច(ប្រកាសជោគជ័យ) មុនដំណាច់ឆ្នាំ២០២០នេះ»

ប៉ុន្តែទោះជាយ៉ាងណា នៅពេលត្រូវបានគេសួរថា តើវ៉ាក់សាំងអាចនឹងចាប់ផ្តើមចែកចាយ នៅមុនបុណ្យ Christmas ឬយ៉ាងណា? លោក Pollard បានឆ្លើយថា «មានឱកាសតិចតួច ដែលថាអាចធ្វើទៅរួច ប៉ុន្តែខ្ញុំមិនដឹងទេ»

គួរជម្រាបថា កាលពីថ្ងៃទី០៨ ខែកញ្ញា ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យអង់គ្លេស Oxford បានផ្អាកជាបណ្តោះអាសន្ននូវការធ្វើតេស្តដំណាក់កាលទី៣ នៃវ៉ាក់សាំង COVID-19 របស់ខ្លួន នៅជុំវិញពិភពលោក ក្រោយអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តម្នាក់នៅចក្រភពអង់គ្លេសធ្លាក់ខ្លួនឈឺ ហើយមានការសង្ស័យថាអាចមកពីវ៉ាក់សាំង។ ប៉ុន្តែការធ្វើតេស្តវ៉ាក់សាំងនោះ ក៏បានបន្តឡើងវិញរួចហើយដែរ នៅតាមប្រទេសមួយចំនួន ក្រោយពីការស៉ើបអង្កេតលើបញ្ហាសុវត្ថិភាពបានប្រព្រឹត្តទៅ៕