(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ១,០៣២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣៥,៤២៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្នុងរយៈពេលដូចគ្នាក្រៅពីករណីឆ្លង ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៨នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបកើនដល់ ២៧១នាក់ហើយ ក្នុងចំណោមអ្នកឆ្លងទាំង ៣៥,៤២៥ករណីខាងលើ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៣ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់ ដោយករណីភាគច្រើនត្រូវបានរាយការណ៍ចេញពីរដ្ឋ Sabah។

គួរជម្រាបថា នៅថ្ងៃពុធនេះ លោក Azhar Azizan Harun ដែលជាប្រធានសភាជាន់ទាបម៉ាឡេស៊ី បាននិយាយថា អគារសភាជាតិម៉ាឡេស៊ី នឹងត្រូវបញ្ជាឲ្យបិទជាបណ្ដោះអាសន្នប្រសិនបើជារកឃើញករណីវិជ្ជមាន COVID-19។ សភាតំណាងរាស្រ្តម៉ាឡេស៊ី នាពេលថ្មីៗនេះ បានបើកសម័យប្រជុំ ជាមួយនឹងការរៀបចំ កញ្ចប់ថវិកាឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយបានកាត់បន្ថយរយៈពេលខ្លីបំផុត បន្ទាប់ពីបុគ្គលិកនៅសភាជាន់ខ្ពស់ម៉ាឡេស៊ី បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19៕