(ហាណូយ)៖ អនុប្រធានរដ្ឋបាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្ដុះបណ្ដាល ចំណុះឲ្យក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ង៉ូក្វាង (Nguyen Ngo Quang) បាននិយាយថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ ណាណូជែន (Nanogen) នឹងក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់របស់ប្រទេសវៀតណាម ដែលនឹងឈានចូលដល់ដំណាក់កាលធ្វើតេស្តសាកល្បង «ទៅលើមនុស្ស» ប្រសិនបើមានការអនុញ្ញាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នាពេលថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាម កំពុងជំរុញឱ្យក្រុមហ៊ុនផលិតឱសថ Nanogen ត្រៀមធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនទៅលើមនុស្សនៅក្នុងខែវិច្ឆិកានេះ ដោយការធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងក្នុងរយៈពេលបីដំណាក់កាល ដែលដំណាក់កាលដំបូង វ៉ាក់សាំងនេះនឹងត្រូវបានធ្វើតេស្តសាកល្បង ដោយចាក់ទៅលើមនុស្សចំនួន ២០នាក់ បន្ទាប់មកចំនួន ៦០០នាក់ និងចុងក្រោយចំនួន ១០,០០០នាក់។

បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានប្ខេកភាពវ៉ាក់សាំង COVID-19 ចំនួន ០៤ ដែលកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ ដែលវ៉ាក់សាំងទាំងនោះ បានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Nanogen, វ៉ាបាយអូធិច (Vabiotech), ផូលីវ៉ាក (Polyvac) និងអាយវ៉ាក (IVAC)។ ប៉ុន្តែក្រសួងសុខាភិបាលវៀតណាម បានចាត់ទុកបេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Nanogen ជាបេក្ខភាពវ៉ាក់សាំងដែលទទួលបានជោគជ័យបំផុត ដែលត្រូវបានអភិវឌ្ឍឡើងដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍។

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លង COVID-19 សរុប ១,១៩២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,០៦៨នាក់៕