(វ៉ាស៊ីនតោន)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) បាននិយាយថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនធ្វើឱ្យប៉ះពល់ដល់គោលនយោបាយរបស់ទីក្រុងតេហេរ៉ង់ ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាមួយ ចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអង្គារសប្តាហ៍ លោក Khamenei បានលើកឡើងដូច្នេះថា «គោលនយោបាយរបស់យើង... គឺត្រូវបានកំណត់យ៉ាងជាក់លាក់ ហើយវានឹងមិនផ្លាស់ប្ដូរដោយសារតែបុគ្គលណាម្នាក់នោះដែរ។ ពោលគឺវាគ្មានបញ្ហាឡើយ សម្រាប់ពួកយើង ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ»

ដោយដែកកងកម្លាំងបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសផងដែរ ខ្លួនមិនមានការចាប់អារម្មណ៍ខ្លាំង ចំពោះនរណាឈ្នះ ឬក៏ចាស់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកនោះឡើយ ព្រោះគណបក្សអាមេរិកគឺទាំង ២ គឺប្រធានាធិបតី និងសាធារណរដ្ឋ សុទ្ធតែមាននយោបាយគគ្លើន ចំពោះប្រទេសអ៉ីរ៉ង់ដូចៗគ្នា។

ទោះជាបែបនេះក្តី បើតាមអ្នកជំនាញនយោបាយបានមើលឃើញថា អ៉ីរ៉ង់ហាក់ដូចជាចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីជាជាងលោក ដូណាល់ ត្រាំ ដ្បិតទីក្រុងតេហេរ៉ង់សង្ឃឹមថា លោក បៃដិន នឹងអាចស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ប៉ុន្តែទណ្ឌកម្ម និងការគាបសង្កត់មកលើអ៉ីរ៉ង់ គឺទំនងជាមិនមានការផ្លាស់ប្តូរឡើយ គ្រាន់តែស្ថិតនៅក្នុងមធ្យោយបាយផ្សេងគ្នាប៉ុណ្ណោះ៕