(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតហើយ ក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយការផ្ញើសារពោរពេញដោយសុទិដ្ឋិនិយមថាលោកនឹងផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងទៅកាន់អ្នកគាំទ្រ រួមទាំងប្រជាជនអាមេរិកទាំងអស់ លោក បៃដិន បានលើកឡើងដូច្នេះថា៖ «ប្រជាជនអាមេរិកទាំងអស់, ខ្ញុំមានអារម្មណ៍ថាយើងនឹងទទួលបាន ជ័យជម្នះដ៏ធំធេងនៅថ្ងៃស្អែកនេះ។ ថ្ងៃស្អែកនេះគឺជាការចាប់ផ្ដើមថ្ងៃថ្មីមួយ ហើយគ្មានអ្វីអាចបញ្ឈប់ប្រជាជាតិមួយនេះ (អាមេរិក) ពីការបោះឆ្នោតបាននោះទេ»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិថ្នាក់ជាតិ លោក ចូ បៃដិន នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ដោយនឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បានអះអាងថាការស្ទង់មតិទាំងនោះគឺក្លែងក្លាយ ហើយថាលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត៕