(អ៉ីស្ដង់ប៊ូល)៖ ក្មេងស្រីអាយុ ០៣ឆ្នាំម្នាក់ត្រូវបានគេសង្រ្គោះជីវិត បន្ទាប់ពីជាប់នៅក្រោមគំនរអគារបាក់បែកអស់រយៈពេល ៩១ម៉ោង ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើភាគខាងលិចប្រទេសតួកគី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អភិបាលក្រុង អ៉ីសមៀ (Izmir) លោក សូយើ (Tunc Soyer) បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានជួបប្រទះអព្ភូតហេតុនៅក្នុងរយៈពេល ៩១ម៉ោង។ ក្រុមអ្នកជួយសង្រ្គោះ បានទាញយកក្មេងស្រីម្នាក់ឈ្មោះ អាយដា (Ayda) ដោយរូបនាងនៅមានជីវិតនៅឡើយ...»។ ដំបូងឡើយលោក Soyer បានប្រកាសថា ក្មេងស្រីរូបនេះមានអាយុ ០៤ឆ្នាំ តែក្រោយមក រដ្ឋមន្ត្រីសុខាភិបាលតួកគីបញ្ជាក់ជាថ្មីថា រូបនាងមានអាយុទើបតែ ០៣ឆ្នាំប៉ុណ្ណោះ។

គួរជម្រាបថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់តួកគី បានឱ្យដឹងនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើតំបន់សមុទ្រ អេជីន (Aegean) បានកើនដល់ ១០០នាក់ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់តួកគី អ្នករងរបួស ១៤៧នាក់ កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ខណៈ ៨៤៧នាក់ទៀតត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

គ្រោះរញ្ជួដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រ Aegean កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយវាគឺជាគ្រោះរញ្ជួយដីផ្ដាច់ជីវិតមនុស្សច្រើនជាងគេបំផុតមួយ នៅក្នុងប្រទេសតួកគី ចាប់តាំងពីគ្រោះរញ្ជួយដីវាយប្រហារទីក្រុង វែន (Van) កាលពីឆ្នាំ២០១១ ដែលផ្ដាច់ជីវិតមនុស្សច្រើនជាង ៥០០នាក់៕