(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានបញ្ជាក់ថា សភាទាំងពីររបស់សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីធ្វើអន្តរាគមន៍ក្នុងករណីដែលជម្លោះលើលទ្ធផលបោះឆ្នោត មិនអាចកំណត់រកអ្នកឈ្នះ-ចាញ់បានរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី Nancy Pelosi ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិអាមេរិក NPR នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នៅពេលត្រូវបានសាកសួរពីប្រព័ន្ធ ប្រជាធិបតេយ្យអាមេរិកក្នុងការដោះស្រាយជម្លោះ លើលទ្ធផលបោះឆ្នោត។ អ្នកប្រឆាំងលោក ត្រាំ យ៉ាងស្វិតស្វាញរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនជាស្រេច... ដោយសារតែយើងមើលឃើញពី ភាពគ្មានទំនួលខុសត្រូវ របស់លោកប្រធានាធិបតី, ការមិនគោរពរដ្ឋធម្មនុញ្ញ, ប្រជាធិបតេយ្យរបស់យើង និងសុច្ចរិតភាពនៃការបោះឆ្នោតរបស់យើង...»

គួរជម្រាបថា នៅក្នុងករណីគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងពីអ្នកបោះឆ្នោតតំណាងភាគច្រើន ឬក៏ជម្លោះលទ្ធផលបោះឆ្នោត «មិនអាចកំណត់រកឈ្នះ និងចាញ់បាន» នោះសភាទាំងពីររបស់សហរដ្ឋអាមេរិក គឺព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ (រដ្ឋសភា) នឹងធ្វើអន្តរគមន៍ដោះស្រាយជម្លោះ ដោយសភាតំណាងរាស្ត្រជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតី រីឯព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី។

នៅក្នុងការបោះឆ្នោតដោយសភាតំណាងរាស្ត្រ បេក្ខជនម្នាក់ត្រូវរកសំឡេងគាំទ្រឱ្យបាន ២៦សំឡេងឡើងទៅពីប្រតិភូនៃរដ្ឋនីមួយៗ (រដ្ឋទាំង ៥០ ឬមានន័យថាលើសតែ ១សំឡេងនៃចំនួនពាក់កណ្តាល) នោះនឹងកា្លយជាប្រធានាធិបតីតែម្តង។ ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតបែបនេះគឺកម្រកើតឡើងណាស់ ហើយវាកើតឡើងចុងក្រោយបំផុតនៅឆ្នាំ១៨៧៧។ យ៉ាងណាក៏ដោយ ព្រោះតែនៅក្នុងអាណត្តិថ្មីនេះ បេក្ខជនទាំងពីររូបត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាខ្លាំង ឬមានសញ្ញាមិនប្រក្រតីមួយចំនួនបានកើតឡើងរួចទៅហើយ ទើបការបកស្រាយលក្ខខណ្ឌក្រោយការបោះឆ្នោត ដើម្បីកំណត់រកអ្នកឈ្នះ ឬចាញ់ក៏ត្រូវធ្វើឡើងដូចគ្នា៕