(សិង្ហបុរី)៖ ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនាំមកនូវខ្យល់បោកបក់ខ្លាំង និងទឹកជំនន់ភ្លាមៗនៅតំបន់មួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយសិង្ហបុរី PUB បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសសិង្ហបុរីនេះ បានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលវាយប្រហារទីតាំងចំនួន 0៣ គឺផ្លូវផាយ៉ឡេបា (Upper Paya Lebar), ឡូរ៉ុង ហ្គាំបៀរ (Lorong Gambir), និងម៉ោនត៍វ៉ឺម៉ុន (Mount Vernon)។ គ្រោះទឹកជំនន់នេះបានកើតឡើងនៅម៉ោងប្រហែល ០៣៖០០រសៀលថ្ងៃចន្ទ...»

PUB បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារ ដោយគ្រោះទឹកជំនន់ភ្លាមៗនេះ តំបន់តៃសេង (Tai Seng) បានកត់ត្រានូវកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុត គឺជាង ១៣០មីល្លីម៉ែត្រ ដែលធ្លាក់ចាប់ពីម៉ោង ០២៖៤០នាទីរសៀលដល់ម៉ោង ០៦៖១០នាទីល្ងាច។ កម្រិតទឹកភ្លៀងធ្លាក់នេះ គឺច្រើនជាងពាក់កណ្តាលនៃកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យម របស់ប្រទេសសិង្ហបុរីនៅក្នុងខែវិច្ឆិកានេះ និងស្ថិតក្នុងកម្រិតទឹកភ្លៀងធ្លាក់ខ្ពស់បំផុត នៃកំណត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ប្រចាំថ្ងៃក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយនេះ។

ជុំវិញបញ្ហាខាងលើនេះ PUB ក៏បានស្នើឱ្យប្រជាជនទាំងអស់ជម្លៀសខ្លួន ចេញពីតំបន់មួយចំនួនស្ថិតនៅទីតាំងផ្លូវ ដូចដែលបានរៀបរាប់ខាងលើនេះ ដោយសារតែហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ ខណៈកម្ពស់ទឹកនៅក្នុងប្រឡាយបានកើនឡើងដល់ទៅ ៩០ភាគរយហើយ។ បើតាម PUB ក្រុមជួយសង្គ្រោះបន្ទាន់ជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅទីតាំងដែលវាយប្រហារដោយគ្រោះទឹកជំនន់ភ្លាមៗនោះ ដើម្បីផ្តល់ជាជំនួយ និងពិនិត្យប្រព័ន្ធលូ ដើម្បីសម្រួលដល់ការរាំងស្ទះផងដែរ៕