(វីយែន)៖ មនុស្ស ០២នាក់បានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងជាច្រើននាក់ បានបើកការបាញ់ប្រហារនៅកណ្ដាលរដ្ឋធានីវីយែន នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយអធិការបតីអូទ្រីស លោក សេបាស្ទាន ខឺហ្វ (Sebastian Kurz) បានចាត់ទុកថា នេះគឺជាការវាយប្រហារភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ជុំវិញករណីខាងលើនេះ រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស លោក ខាល ណេហេមមើ (Karl Nehammer) បានណែនាំឱ្យប្រជាជនត្រូវស្ថិតនៅឱ្យឆ្ងាយពីតំបន់ទាំង ០៦ទីតាំងដែលស្ថិតនៅជុំវិញតំបន់រងការវាយប្រហារ ស្ថិតនៅកណ្ដាលរដ្ឋធានីវីយែន ខណៈខ្មាន់កាំភ្លើងម្នាក់កំពុងរត់គេចខ្លួននៅឡើយ។

លោក Nehammer មិនបានបញ្ជាក់លម្អិតថា តើខ្មាន់កាំភ្លើងមានគ្នាប៉ុន្មាននាក់ ឬធ្វើសកម្មភាពវាយប្រហារដើម្បីអ្វីនោះទេ តែមន្ត្រីអូទ្រីសម្នាក់បានឱ្យដឹងថា ក្នុងចំណោមមនុស្ស ០២នាក់ដែលបានស្លាប់នោះ គឺមានជនស៊ីវិលម្នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់។ នៅក្នុងអំពើភេវរកម្មនោះ មនុស្សចំនួន ១៥នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងនោះមាន ០៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏មានមន្ត្រីប៉ូលិសម្នាក់ផងដែរ។

គួរជម្រាបថា ហេតុការណ៍បាញ់ប្រហារខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងវិធានការបិទប្រទេសមួយផ្នែកប្រឆាំង COVID-19 ដោយតម្រូវឱ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ និងសណ្ឋាគារ រួមទាំងការរឹតត្បិតការធ្វើដំណើរត្រូវចូលជាធរមាន៕