(ហាណូយ)៖ ការធ្វើតេស្ដវ៉ាក់សាំងកូវីដ១៩ លើសត្វស្វា នៅក្នុងប្រទេសវៀតណាម បានចាប់ផ្ដើមហើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានឱ្យដឹងទៀតថា ការធ្វើតេស្ដវ៉ាក់សាំងកូវីដ-១៩ លើសត្វសា្វ ធ្វើឡើងក្រោមការដឹកនាំរបស់ក្រុមហ៊ុន វ៉ាបាយអូធិច (Vabiotech) នៃក្រសួងសុខាភិបាលវៀតណាម។ ក្រុមហ៊ុន Vabiotech បានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងអំបូរស្វា ម៉ាកាកា (Macaca) ចំនួន ១២ក្បាល កាលពីចុងខែតុលាកន្លងទៅ ហើយលទ្ធផលនៃការធ្វើតេស្ដ ត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់ការពិចារណា ដើម្បីឈានទៅធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស។

គួរបញ្ជាក់ថា បើតាម VNA ការធ្វើតេស្ដលើសត្វស្វាខាងលើ នឹងត្រូវធ្វើឡើងនៅឯកោះមួយស្ថិតក្នុងខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើងនៃប្រទេស ដោយមានការចូលរួមពីសត្វស្វាមានអាយុចន្លោះពី ៣-៥ឆ្នាំ និងមានទម្ងន់ធ្ងន់ជាង ៣គីឡូក្រាម។ ក្រោយការចាក់វ៉ាក់សាំងធ្វើតេស្ដ សត្វស្វាទាំងអស់នេះ នឹងត្រូវស្ថិតនៅក្រោមការតាមដានរយៈពេល 0៣ខែ មុននឹងសំណាកឈាមរបស់ពួកវា ត្រូវបានយកទៅវិភាគបន្ត។ វៀតណាមបច្ចុប្បន្នមានអ្នកឆ្លងកូវីដ-១៩ សរុប ១,១៨០នាក់ ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយឡើងវិញ ១,០៦៣នាក់៕