(ម៉ានីល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះហន្តរាយរបស់ហ្វីលីពីន នាថ្ងៃចន្ទនេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហ្គោនី (Goni) ដែលបានបោកបក់កាត់តំបន់ភាគខាងត្បូងកោះ លូហ្សុន (Luzon) នៃប្រទេសហ្វីលីពីន គឺកើនដល់ ១៦នាក់ ហើយនៅមានមួយចំនួនទៀតកំពុងបន្តបាត់ខ្លួន ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំនួនមនុស្សបាត់បង់ជីវិតទាំង ១៦នាក់ ត្រូវបានរាយការណ៍ចេញពីតំបន់ ប៊ីខូល (Bicol) ដែលជាកន្លែងរងគ្រោះខ្លាំងបំផុតមួយ នៅចុងភាគខាងត្បូងនៃកោះ Luzon ដែលជាកោះធំរបស់ប្រទេសហ្វីលីពីន។ ក្រៅពីអ្នកស្លាប់ នៅមានមនុស្ស ០៣នាក់ផ្សេងទៀត ដែលកំពុងបន្តបាត់ខ្លួននៅឡើយ។ ព្យុះទីហ្វុង Goni ត្រូវបានចាត់ថ្នាក់ជា ស៊ូភើទីហ្វុង នៅពេលវាមកដល់ហ្វីលីពីនដំបូង កាលពីវេលាទាបភ្លឺថ្ងៃអាទិត្យម្សិលមិញនេះ ជាមួយកម្លាំងខ្យល់បក់ចន្លោះពី ២២៥-៣១០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ព្យុះទីហ្វុង Goni បានបង្កគ្រោះទឹកជំនន់ និងបំណាក់ដីនៅតំបន់ Bicol ព្រមទាំងបន្សល់ទុកការបំផ្លិចបំផ្លាញជាច្រើន នៅតំបន់សរុបចំនួន ១២ ក្នុងចំណោមតំបន់ទាំង ១៧ របស់ហ្វីលីពីន។ បើតាមអាជ្ញាធរ ប្រជាជនហ្វីលីពីនច្រើនជាង ២លាននាក់ បានរងផលប៉ះពាល់ដោយសារ Goni ។ ព្យុះទីហ្វុងនេះបានថយចុះឥទ្ធិពល និងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។

គួរជម្រាបថា ព្យុះទីហ្វុង និងព្យុះត្រូពិកតែងវាយប្រហារលើប្រទេសហ្វីលីពីនជាប្រចាំ ចាប់ពីខែមិថុនារហូតដល់ខែធ្នូរៀងរាល់ឆ្នាំ ដោយបានផ្តាច់យកជីវិតមនុស្ស និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ៕