(សៀងហៃ)៖ ការធ្វើជំរឿនប្រជាជននៅចិន ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

បុគ្គលិកសហគមន៍និងក្រុមអ្នកស្ម័គ្រចិត្តសរុបប្រមាណ៧លាននាក់ នឹងជួយជំរុញកិច្ចប្រឹងប្រែងប្រមូលទិន្នន័យរយៈពេល២ខែនេះ តាមរយៈការចុះទៅកាន់ទីតាំង រួមមានចាប់ពីលំនៅស្ថាននៅអគារខុនដូខ្ពស់ៗ នៅក្នុងបណ្តាទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើនកកកុញ រហូតដល់លំនៅឋាននៅតាមភូមិដាច់ស្រយាល ដូចជានៅតំបន់ទីបេជាដើម។

គួរជម្រាបថា ចិនតែងតែធ្វើជំរឿនជារៀងរាល់១០ឆ្នាំម្តង ដើម្បីកំណត់អត្រាកំណើនប្រជាជន ព្រមទាំងទំនោរដទៃទៀត។ ការធ្វើជំរឿនកាលពីឆ្នាំ២០១០ បានរាប់ឃើញប្រជាជនចិនសរុប១,៣៣៩,៧២៤,៨៥២នាក់ ដែលជាកំណើន៥.៨៣ភាគរយ។ សម្រាប់ការធ្វើជំរឿនឆ្នាំ២០២០នេះ រដ្ឋាភិបាលចិនបានប៉ាន់ប្រមាណថា ចំនួនប្រជាជនចិននឹងកើនដល់១.៤២ពាន់លាននាក់ ដែលជាកំណើន៥.៩៩ភាគរយ៕