(ញូដេលី)៖ សហរដ្ឋអាមេរិក និងឥណ្ឌាត្រូវតែធ្វើការងាររួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងលើសន្តិសុខ និងសេរីភាព ដែលបង្កឡើងដោយប្រទេសចិន។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើដំណើរមកដល់ទីក្រុងញូដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទម្សិលមិញ ដោយរួមដំណើរជាមួយរដ្ឋមន្ត្រីការពារជាតិ លោក ម៉ាក អ៊ីស្ពើ (Mark Esper) ដើម្បីចូលរួមក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំជាមួយឥណ្ឌា ដែលកំពុងមានភាពតានតឹងជាមួយចិន នៅតំបន់ជម្លោះព្រំដែន។ នៅមុនជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យាំ ចៃសង្កា (Subrahmanyam Jaishankar) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះគឺជាឱកាសថ្មីមួយ សម្រាប់ប្រទេសប្រជាធិបតេយ្យដ៏អាស្ចារ្យទាំង២... យើងមានបញ្ហាជាច្រើនត្រូវពិភាក្សាគ្នានៅថ្ងៃនេះ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការបស់ពួកយើងលើ COVID-19 ដែលមានប្រភពដើមមកពីទីក្រុងវូហាន, ការប្រឈមមុខជាមួយបក្សកុម្មុយនិស្ដចិន ដែលកំពុងបង្កការគំរាមដល់សន្តិសុខ និងសេរីភាព»

លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់បន្ថែមទៀតថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ក៏ត្រូវធ្វើកិច្ចសហការរួមគ្នាផងដែរ សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េ ក្នុងប្រទេសឥណ្ឌា កើតមានឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការតឹងរឹងជាច្រើន ប្រឆាំងនឹងចិនដែលជាផ្នែកដ៏សំខាន់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕