(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជិត ៨លានករណីហើយ ប៉ុន្តែអត្រាឆ្លងប្រចាំថ្ងៃបានធ្លាក់មកនៅកម្រិតទាបវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៦,៤៧០ករណីបន្ថែមទៀត ដែលជាករណីឆ្លងប្រចាំថ្ងៃទាបបំផុត នៅក្នុងរយៈពេលជាង ០៣ខែកន្លងមកនេះ ខណៈអ្នកស្លាប់ថ្មីៗចំនួន ៤៨៨នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងដូចគ្នាដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ១១៩,៥០២នាក់។ ចំណែកឯអ្នកជំងឺជាង ៦២៥,៨០០នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យវិញ បានកើនឡើងដល់ជាង ៧,២០១,០០០នាក់។

គួរជម្រាបថា ចំនួនករណីឆ្លងដែលត្រូវបានរាយការណ៍ខាងលើ គឺជាករណីឆ្លងប្រចាំថ្ងៃទាបបំផុត ចាប់តាំងពីប្រទេសឥណ្ឌាបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៣៥,០៦៥ករណីក្នុងមួយថ្ងៃកាលពីថ្ងៃទី១៧ ខែកក្កដាមកម្ល៉េះ។ កាលពីខែមុនប្រទេសនេះ បានកត់ត្រានូវករណីឆ្លងខ្ពស់បំផុតខ្ទង់ ១០០,០០០ករណីក្នុងមួយថ្ងៃ ប៉ុន្តែករណីឆ្លងប្រចាំថ្ងៃបានថយចុះជាលំដាប់ចាប់តាំងពីពេលនោះមក។ ទោះជាយ៉ាងណា ឥណ្ឌានៅតែមានចំនួនករណីឆ្លងសរុបខ្ពស់ជាងគេបំផុតលេខ ១ នៅអាស៊ី និងលេខ ២ លើពិភពលោក ដោយទាបជាងសហរដ្ឋអាមេរិកតែបន្តិចបន្តួចប៉ុណ្ណោះ៕