(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថាខ្លួនបានយល់ព្រមលក់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ ហាភូន (Harpoon coastal defence systems) នៅក្នុងតម្លៃ ២.៤ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះ រួមមានប្រព័ន្ធការពារឆ្នេរសមុទ្រ Harpoon (HCDS) ដែលមានប្រព័ន្ធ បាញ់ចំនួន១០០គ្រឿង រាប់បញ្ចូលទាំងគ្រាប់មីស៊ីលប្រភេទ RGM-84L-4 Harpoon Block II ចំនួន ៤០០គ្រាប់ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីលើគោក និងមានរយៈចម្ងាយ អតិបរមា ១២៥គីឡូម៉ែត្រ។ មីស៊ីលប្រភេទនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing ដោយអាចដាក់នៅលើទម្រថេរ ឬនៅលើរថយន្តចល័តក៏បាន។

ការសម្រេចចិត្តលក់ប្រព័ន្ធមីស៊ីល ហាភូន ឱ្យកោះតៃវ៉ាន់ កើតឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុន បានអនុម័តលើគម្រោងលក់យន្ដហោះដ្រូន MQ9 រួមទំាងមីស៊ីល AGM-84H SLAM-ER ចំនួន១៣៥គ្រាប់នៅក្នុងតម្លៃ ១ពាន់លានដុល្លារ ដែលមានរយៈចម្ងាយអាចបាញ់ដល់ចិនដីគោក។ ជាការឆ្លើយតប ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថាខ្លួន នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing, ក្រុមហ៊ុន Raytheon និងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធដទៃ ទៀតផងដែរ។ បើសិនជាសភាទាំង២ អនុម័តលើសំណើលក់អាវុធទាំងនេះមែន នោះមានន័យថាសហរដ្ឋអាមេរិក អាចនឹងលក់អាវុធឱ្យកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ១៧.៥ពាន់លានដុល្លារ ក្រោមការដឹកនាំរយៈពេល៤ឆ្នាំ នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ការលក់អាវុធឱ្យកោះតៃវ៉ាន់ ត្រូវបានចិនចាត់ទុកថា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ «គោលនយោបាយចិនតែមួយ» ហើយសហរដ្ឋអាមេរិកក៏ដឹងដែរថាវានឹងធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងទ្វេភាគីជាមួយចិន។ ចុះបើដឹងថាវាដូច្នេះ ហេតុអ្វីបានជាអាមេរិក នៅតែបន្តលក់អាវុធឱ្យកោះតៃវ៉ាន់ ទាំងដឹងថាធ្វើឱ្យចិនក្ដៅក្រហាយ? តាមការពិតសហរដ្ឋអាមេរិក លក់អាវុធឱ្យកោះតៃវ៉ាន់ មិនមែនត្រឹមតែជាពាណិជ្ជកម្មអាវុធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រទប់ស្កាត់ឥទ្ធិពលចិនរបស់ទីក្រុងវ៉ាស៊ីនតោន ផងដែរ។

* អាមេរិកសម្លឹងឃើញតៃវ៉ាន់ ជាដែនដីយុទ្ធសាស្ត្រទប់ទល់ជាមួយចិន

មានហេតុផលជាច្រើនដែលជំរុញឱ្យសហរដ្ឋអាមេរិក លក់អាវុធឱ្យកោះតៃវ៉ាន់ ទោះបីជាដឹងថាធ្វើចិនឱ្យក្ដៅស្លឹកត្រចៀក ក្នុងនោះរួមមានចាប់ពីពាណិជ្ជកម្មអាវុធ រហូតដល់ ទស្សនវិស័យយោធា ដែលថ្នាក់ដឹកនាំអាមេរិក មើលឃើញថាតៃវ៉ាន់ជាដែនដីយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន។ បើតាមអ្នកជំនាញកិច្ចការយោធា ដូចជាលោក Loren Thompson បើគ្មានតៃវ៉ាន់ នោះយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណ ក្នុងការទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន នឹងមិនអាចទៅរួចឡើយ។ លោក Thompson ពន្យល់យ៉ាងខ្លីថា តៃវ៉ាន់ស្ថិតនៅលើទីតាំងមួយ ដែលគេអាចនិយាយបានថាជាច្រកផ្លូវឱ្យចិន ពង្រីកឥទ្ធិពលយោធាទៅកាន់តំបន់ប៉ាស៊ីហ្វិក។

ការយល់ឃើញបែបនេះ គឺមានលក្ខណៈស្រដៀងទៅនឹងការយល់ឃើញរបស់អតីតឧត្ដមសេនីយ៍ និងជាមេបញ្ជាកំពូលអាមេរិកក្នុងសង្រ្គាមកូរ៉េ លោក Douglas MacArthur។ លោក MacArthur ធ្លាប់បានចាត់ទុកថាតៃវ៉ាន់ប្រៀបដូចជា «នាវាផ្ទុកយន្ដហោះចម្បាំងមួយដែលមិនអាចបាញ់ពន្លិចបាន» និងជាទីតាំងដ៏សក្តិសមសម្រាប់មូលដ្ឋានយោធា អាមេរិក។ ដូច្នេះ បើចង់ទប់ស្កាត់ការពង្រីកឥទ្ធិពលយោធាចិន និងរក្សាអំណាចយោធាផ្ដាច់មុខរបស់ខ្លួនក្នុងតំបន់ អាមេរិកត្រូវតែការពារតៃវ៉ាន់ ហើយប្រើដែនកោះមួយនេះ បិទខ្ទប់ផ្លូវចូលរបស់ចិន ទៅកាន់តំបន់ប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ ដូចគ្នានឹងសហរដ្ឋអាមេរិក ចិនក៏មើលឃើញដែរថាតៃវ៉ាន់ គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ទប់ស្កាត់វត្តមានកងទ័ពអាមេរិក កុំឱ្យចូលមកក្បែររបង ផ្ទះរបស់ខ្លួន។ ក្នុងន័យនេះ បើតៃវ៉ាន់ធ្លាក់ចូលក្នុងដៃអាមេរិក នោះទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់ពង្រាយកងទ័ពនៅលើកោះតៃវ៉ាន់ ខណៈនៅកូរ៉េខាងត្បូង និងជប៉ុន មានវត្តមានកងទ័ពអាមេរិករួចទៅហើយ។ ថ្នាក់ដឹកនាំចិនតាំងតែពីជំនាន់លោក ម៉ៅ សេទុង សុទ្ធតែមើលឃើញថាវត្តមានយោធាអាមេរិក ក្នុងតំបន់គឺជាគ្រោះថ្នាក់មួយដ៏ធំ ហើយ តាមរយៈការយល់ឃើញបែបនេះ ទើបចិនសុខចិត្តពលីជីវិតកងទ័ពរាប់សែននាក់ ដើម្បីការពារកូរ៉េខាងជើង កុំឱ្យធ្លាក់ចូលក្នុងដៃអាមេរិក អំឡុងសង្រ្គាមកូរ៉េ។

* តើអាវុធដែលតៃវ៉ាន់ ទិញពីអាមេរិកអាចទប់ទល់ជាមួយចិនបានទេ?

អាវុធដែលតៃវ៉ាន់ទិញពីអាមេរិក ក្នុងនោះរួមទាំង មីស៊ីល SLAM-ER គឺមានសមត្ថភាពបាញ់ដល់ចិនដីគោក និងមិនមែនត្រឹមតែជាអាវុធការពារខ្លួនឡើយ តែវាក៏ជាអាវុធសម្រាប់ ការវាយលុកផងដែរ។ ក្រៅតែពីនេះ តៃវ៉ាន់ក៏មានយន្ដហោះចម្បាំងអាមេរិក F-16 ច្រើនជាង២០០គ្រឿង ដែលត្រូវបានគេចាត់ទុកថាជាកងកម្លាំង F-16 ធំជាងគេបំផុតនៅ អាស៊ីផងដែរ។

នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សហរដ្ឋអាមេរិកលក់អាវុធឱ្យកោះតៃវ៉ាន់ ទុកសម្រាប់ការពារខ្លួនពីការវាយប្រហារណាមួយពីចិន ហើយក្រុមមន្ត្រីអាមេរិកបានអំពាវនាវដល់ កោះតៃវ៉ាន់ បង្កើនកញ្ចប់ថវិកាយោធាពីមួយឆ្នាំទៅមួយឆ្នាំ និងឱ្យរដ្ឋាភិបាលអាមេរិកជួយពង្រឹងសមត្ថភាពការពារជាតិនៃដែនកោះមួយនេះ ប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងពីចិន។ ជាក់ស្ដែង កាលពីដើមខែតុលាកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien បាននិយាយជាសាធារណៈថាអាមេរិក គួរតែជួយឱ្យ យោធាតៃវ៉ាន់ ក្លាយជាយោធាមួយប្រៀបដូចជា «សត្វកាំប្រមា» ដ្បិតលោកគិតថាជាទូទៅ ទោះបីជាសត្វតោ ក៏វាមិនចូលចិត្តស៊ីកាំប្រមា ដែលពោរពេញដោយបន្លារនោះដែរ។ ត្រង់ចំណុចនេះ លោក Robert ចង់មានន័យថាបើសិនជាតៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯងគ្រប់គ្រាន់ ចិនក៏ប្រហែលជាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសដែរ។

តែទោះជាយ៉ាងណាក៏ដោយ ផ្អែកលើកម្លាំងយោធាចិនបច្ចុប្បន្ន ការវាយយកកោះតៃវ៉ាន់មិនមែនជារឿងលំបាកនោះទេ ស្របពេលអ្នកជំនាញយោធាខ្លះយល់ថាបើសិនជាចិន វាយលុកតៃវ៉ាន់ ពិតមែន ក៏សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រហែលជាមិនអាចជួយតៃវ៉ាន់ ទាន់ពេលនោះដែរ។ ក៏ប៉ុន្តែ ទាស់នៅត្រង់ថាតើចិនហ៊ាន ឬមិនហ៊ានប្រឈមមុខដោយផ្ទាល់នឹងសហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិ ដែរឬក៏យ៉ាងណា?

គួរជម្រាបថា កាលពីពេលថ្មីៗ ចិនត្រូវបានគេរាយការណ៍ថាបានដំឡើងប្រព័ន្ធមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន ជំនួសប្រព័ន្ធមីស៊ីលចាស់ នៅតាមមូលដ្ឋានយោធានៃតំបន់ ឆ្នេរភាគអាគ្នេយ៍នៃប្រទេស ដោយតម្រង់ក្បាលទៅរកកោះតៃវ៉ាន់រួចជាស្រេច ខណៈមានសេចក្ដីរាយការណ៍ជាច្រើនសន្និដ្ឋានថាចិន អាចនឹងបង្រួមបង្រួមកោះតៃវ៉ាន់ នៅក្នុងក្រោមរដ្ឋបាលដឹកនាំលោកប្រធានាធិបតី ស៊ី ជិនពីង៕

ប្រភព៖ NIKKEI