(វ៉ាស៊ីនតោន)៖ នាយអគ្គសេនាធិការសេតវិមាន លោក ម៉ាក មាដូវស៍ (Mark Meadows) បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនអាចគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកល COVID-19 បានទេ ខណៈចំនួនករណីឆ្លងនៅតែបន្តកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេស និងនៅក្នុងសេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Meadows បានសារភាពដូច្នេះថា៖ «យើងនឹងមិនអាចគ្រប់គ្រងជំងឺ COVID-19 បានទេ…ដោយសារតែជំងឺនេះ ជាជំងឺដែលឆ្លងដូចជាជំងឺផ្ដាសាយអញ្ចឹង។ តែទោះជាយ៉ាងណា យើងកំពុងតែខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វាហើយ»

សហរដ្ឋអាមេរិក បានមើលឃើញនូវចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ០២ថ្ងៃកន្លងទៅនេះ ដែលធ្វើឲ្យវាក្លាយជាបញ្ហាចម្បង មួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ ខណៈអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នៅតែបន្តធ្វើយុទ្ធនាការបោះឆ្នោត បើទោះបីជាមន្រ្តីជំនិតរបស់លោក បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះក៏ដោយ។

គួរជម្រាបថា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៩,៨៥២ករណីបន្ថែមទៀត ដែលជិតស្មើនឹងកំណត់ត្រាកាលពី ប៉ុន្មានថ្ងៃមុនដែលមានករណីឆ្លងថ្មីៗចំនួន ៨៤,២២៤ករណី។ បើតាមគេហទំព័រ Worldometers បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 សរុបនៅទូទាំង ប្រទេសចំនួន ៨,៨៨៩,១៧៩ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣០,៥១០នាក់ និងជាសះស្បើយចំនួន ៥,៧៧២,៤៩៨នាក់៕