(បាគូ)៖ ការព្យាយាមជាលើកទី ៣ ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍នេះនៅក្នុងតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានទទួលបរាជ័យភ្លាមៗនៅថ្ងៃចន្ទនេះ ដោយភាគីអាមេនី និងអាហ្សែបៃហ្សង់ នៅតែបន្តចោទប្រកាន់គ្នាទៅវិញមក ជុំវិញការរំលោភបទឈប់បាញ់ ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមាន មិនទាន់បានមួយថ្ងៃស្រួលបួលផង ខណៈមនុស្សស្លាប់ទាំងខាង អាចមានរហូតដល់ ៦,០០០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

អាមេនី និងអាហ្សែបៃហ្សង់ ធ្លាប់បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដើម្បីមនុស្សធម៌ចំនួនពីរលើកមកហើយ ក្រោមការជួយជ្រោមជ្រែងពីរុស្ស៊ី និងបារាំង តែបទឈប់បាញ់នេះក៏បានបរាជ័យដូចគ្នាផងដែរ។ ក្រសួងការបរទេសអាហ្សែបៃហ្សង់បានអះអាងថា កងទ័ពអាមេនីបានបាញ់ផ្លោងគ្រាប់ចូលក្នុងទីក្រុង តឺតឺ (Terter) និងភូមិក្បែរខាងជាច្រើន ខណៈអាមេនីបានចោទបកទៅវិញថា កងទ័ពអាហ្សែបៃហ្សង់បានបាញ់កាំភ្លើងជាច្រើនគ្រាប់ លើមូលដ្ឋានរបស់ខ្លួននៅតាមសមរភូមិ។

បើតាមអ្នកសារព័ត៌មាន AFP គ្រាន់តែបទឈប់បាញ់ថ្មី ចូលជាធរមានកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះភ្លាម ស្នូរផ្ទុះអាវុធក៏បានផ្ទុះឡើងដែរ ហើយផ្សែងក៏បានអណ្ដែតពាសពេញផ្ទៃអាកាសតែម្តង។ ទោះជាយ៉ាងណា មិនទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នកស្លាប់ ឬរងរបួសឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារយុទ្ធគ្នារវាងអាមេនី និងអាហ្សែបៃហ្សង់ បានផ្ទុះឡើងចាប់តាំងពីចុងខែកញ្ញាមកម្ល៉េះ ហើយមនុស្សច្រើនជាង ១,០០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងនោះភាគច្រើនជាអ្នកប្រយុទ្ធគាំទ្រដោយអាមេនី ក្នុងតំបន់ Nagorno-Karabakh រួមទាំងជនស៊ីវិលមួយចំនួនដែរ។ ចំណែកឯខាងអាហ្សែបៃហ្សង់ ក៏មិនបានបញ្ជាក់ពីតួលេខដែរ តែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងកាលពីសប្ដាហ៍មុនថា មនុស្សជិត ៥,០០០នាក់ត្រូវបានសម្លាប់៕