(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) ប្រឈមនឹងការអំពាវនាវឲ្យលាលែងចេញពីតំណែងនៅថ្ងៃចន្ទនេះ បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើ ដែលចង់ដាក់ប្រទេសអាស៊ានមួយនេះក្នុងភាពអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

លោក Muhyiddin បានទូលសុំការយល់ព្រមពីព្រះចៅ ស៊ូលតង់ ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចបន្ទាន់ឲ្យរដ្ឋាភិបាល ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយជំងឺ COVID-19។ ប៉ុន្តែបន្ទាប់ពីការពិភាក្សាគ្នា និងផ្អែកលើស្ថានការណ៍បច្ចុប្បន្ន ព្រះចៅ ស៊ូលតង់ ទ្រង់យល់ថា វាពិតជាមិនចាំបាច់ត្រូវប្រកាសអាសន្នថ្នាក់ជាតិនោះទេ ព្រោះថារដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។ ដោយឡែក ក្រុមអ្នករិះគន់បានចោទប្រកាន់លោក Muhyiddin ថា ចង់យកលេសដើម្បីព្យួរសភាតែប៉ុណ្ណោះ។

ការបដិសេធរបស់ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអំណាចរបស់លោក Muhyiddin កាន់តែចុះខ្សោយៗទៅ រួមផ្សំទាំងការប្រជែងពីសំណាក់មេដឹកនាំគណបក្សប្រឆាំងលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយសំអាងថា លោកបានទទួលសំឡេងគាំទ្រភាគច្រើន ពីសមាជិកសភាជាន់ទាប។

គួរបញ្ជាក់ថា មេដឹកនាំនៃគណបក្សដទៃទៀត នៅក្នុងសម្ព័ន្ធភាពរបស់លោក Muhyiddin និងគណបក្សប្រឆាំងបានរិះគន់ចំណាត់ការរបស់លោក ក្នុងការស្វែងរកការកាន់អំណាចបន្ទាន់ និងបានអំពាវនាវឲ្យលោកចុះចេញពីតំណែង។ ជាក់ស្តែងលោក អាហ៍ម៉ាត់ ភួដ ហ្សាកាស៊ី (Ahmad Puad Zarkashi) មេដឹកនាំគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ដែលជាគណបក្សធំជាងគេ នៅក្នុងសម្ព័ន្ធបក្សកាន់អំណាច បានបង្ហោះសារនៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា «ទូលព្រះបង្គំសូមថ្លែងអំណរព្រះគុណដល់ព្រះចៅ ស៊ូលតង់ ដែលមិនជ្រៀតជ្រែកនៅក្នុងល្បែងនយោបាយ និងបានចេញព្រះរាជសារក្រើនរំលឹកឲ្យអ្នកនយោបាយទាំងអស់ បញ្ឈប់ការធ្វើនយោបាយ ដែលអាចបំផ្លាញស្ថិរភាពរដ្ឋាភិបាល»។ លោក Ahmad បានសង្កត់ធ្ងន់ថា សុខុមាលភាពរបស់ពលរដ្ឋម៉ាឡេសុស៊ីគឺរឿងសំខាន់ ដូច្នេះហើយលោក Muhyiddin គួរតែចុះចេញពីតំណែង៕