(គូឡាឡាំពួរ)៖ ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) ព្រះមហាក្សត្រនៃសហព័ន្ធម៉ាឡេស៊ី បានចេញព្រះរាជសារក្រើនរំលឹក ឲ្យអ្នកនយោបាយទាំងអស់បញ្ឈប់ការធ្វើនយោបាយ ដែលអាចបំផ្លាញស្ថិរភាពរដ្ឋាភិបាល ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងបន្តប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពីព្រះបរមរាជវាំងម៉ាឡេសីបានគូសបញ្ជាក់ថា ព្រះមហាក្សត្របានបើកកិច្ចប្រជុំមួយផ្សេងទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានទូលសុំការយល់ព្រមពីព្រះអង្គ ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចបន្ទាន់ឲ្យរដ្ឋាភិបាល ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយជំងឺ COVID-19។ បន្ទាប់ពីការពិភាក្សាគ្នា និងផ្អែកលើស្ថានការណ៍បច្ចុប្បន្ន ព្រះចៅ ស៊ូលតង់ ទ្រង់យល់ថា វាពិតជាមិនចាំបាច់ត្រូវប្រកាសអាសន្នថ្នាក់ជាតិនោះទេ ព្រោះថារដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។

សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ទៀតថា ព្រះករុណានៃយើងមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី នឹងអាចបន្តអនុវត្តគោលនយោបាយ និងវិធានការនានាដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19។ បន្ថែមពីលើនេះ ព្រះមហាក្សត្រម៉ាឡេស៊ីក៏បានជំរុញឲ្យអ្នកនយោបាយ ដែលកំពុងបន្តខ្វែងគំនិតគ្នា ត្រូវដោះស្រាយបញ្ហាតាមរយៈការពិគ្រោះយោបល់ និងដំណើរការតាមផ្លូវច្បាប់ ដើម្បីឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសជាតិ។

សេចក្តីថ្លែងការណ៍ដដែលបានកត់សំគាល់ទៀតថា ព្រះចៅ ស៊ូលតង់ បានមានព្រះបន្ទូលក្រើនរំលឹកដល់ពលរដ្ឋម៉ាឡេស៊ីទាំងអស់ ជាពិសេសក្រុមអ្នកនយោបាយ ឲ្យគិតគូរពិចារណាលើការសាមគ្គីគ្នាឡើងវិញ ហើយសមាជិកសភាទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការធ្វើនយោបាយដោយគ្មានទំនួសខុសត្រូវ ដែលអាចរំខានដល់ស្ថិរភាព របស់រដ្ឋាភិបាលដែលមានស្រាប់។

ប្រទេសម៉ាឡេស៊ីបានប្រឈមនឹងការផ្ទុះឡើងសារថ្មីនៃជំងឺ COVID-19 ចាប់តាំងពីចុងខែកញ្ញាមកម្ល៉េះ ក្រោយប្រទេសអាស៊ានមួយនេះបានកត់ត្រា ការកើនឡើងទ្វេដងនៃចំនួនករណីឆ្លង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ នៅចំពោះមុខនៃការកើនឡើងករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតត្បិតសកម្មភាពនានាឡើងវិញ នៅតាមបណ្តារដ្ឋជាច្រើន រួមទាំងទីក្រុងគូឡាឡាំពួរផងដែរ។ ការផ្ទុះឡើងវិញនៃជំងឺរាតត្បាត COVID-19 បានកើតឡើងចំពេលដែលភាពវឹកវរនយោបាយ នៅក្នុងប្រទេសម៉ាឡេស៊ី បានកើតឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង និងជាអតីតឧបនាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) មានបំណងចង់កាន់កាប់រដ្ឋាភិបាលដោយសំអាងថា លោកបានទទួលសំឡេងគាំទ្រភាគច្រើន ពីសមាជិកសភាជាន់ទាប។

យោងតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ព្រះមហាក្សត្រតែងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងព្រះរាជកិច្ចសម្របសម្រួលនយោបាយម៉ាឡេស៊ី ដោយសារតែព្រះអង្គអាចតែងតាំងនាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ លើសពីនេះព្រះអង្គក៏មានសិទ្ធិរំលាយសភា និងត្រាស់បង្គាប់ឲ្យមានការបោះឆ្នោត តាមការទូលស្នើពីសំណាក់នាយករដ្ឋមន្ត្រីផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Muhyiddin ដែលបានឡើងកាន់អំណាចកាលពីខែមីនា ជំនួសលោក មហាធៀ ម៉ូហាំម៉ាត់ (Mahathir Mohamad) គ្រោងនឹងដាក់បញ្ចូនគម្រោងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១ ទៅឲ្យសភានៅខែក្រោយ ដែលតម្រូវឲ្យមានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភា ដើម្បីអនុម័ត ប៉ុន្តែសមាជិកគណបក្សប្រឆាំងជាច្រើនរូប បានបង្ហាញភាពគ្មានទំនុកចិត្ត ទៅលើរដ្ឋាភិបាលរបស់លោក៕