(បាគូ)៖ ក្រសួងការពារជាតិអាហ្សែបៃហ្សង់ បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីសកម្មភាពយោធារបស់ខ្លួន វាយប្រហារកម្ទេចបរិក្ខាយោធាជាច្រើនរបស់អាមេនី តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបទឈប់បាញ់ដើម្បីមនុស្សធម៌ជាលើកទី ៣ ចូលជាធរមាននៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

បើតាមក្រសួងការពារជាតិអាហ្សែបៃហ្សង់ ប្រតិបត្តិការយោធាខាងលើធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយយោធាអាហ្សែបៃហ្សង់បានកម្ទេចកំាភ្លើងចំនួន ២, រថក្រោះមួយគ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត BM-21 ចំនួន ០២គ្រឿង រួមទាំងទីបញ្ជាការមួយកន្លែងរបស់អាមេនី។ ទោះជាបែបនេះក្តី ខាងភាគីអាមេនីមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ទៅនឹងការអះអាងរបស់អាហ្សែបៃហ្សង់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់ដើម្បីមនុស្សធម៌ជាលើកទី ៣ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។

បទឈប់បាញ់នេះក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានសាទរផងដែរចំពោះភាគីទាំងពីរ។ លោក ត្រាំ បានបញ្ជាក់លើ Twitter ដូច្នេះថា «អបអរសាទរដល់នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) និងប្រធានាធិបតីអាហ្សែរបៃហ្សង់ លោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) ដែលយល់ព្រមទទួលយកបទឈប់បាញ់ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទនេះ។

គួរជម្រាបថា ប្រទេសអាហ្សែបៃហ្សង់ និងអាមេនីបានឯកភាពគ្នា លើបទឈប់បាញ់ពីរលើកមកហើយ ក្នុងតំបន់ Nagorno-Karabakh ក្រោមការសម្របសម្រួលពីរុស្ស៊ី តែការវាយប្រហារគ្នានៅតែបន្ត កើតឡើងដោយភាគីទាំង២ចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់៕