(វ៉ាស៉ីនតោន)៖ ប្រធានការិយាល័យរបស់អនុប្រធានាធិបតីអាមេរិក Mike Pence នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ខណៈលោក Pence មិនបានឆ្លងឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

លោក ដេវីន អូម៉ាល្លី (Devin O'Malley) អ្នកនាំពាក្យអនុប្រធានាធីបតីអាមេរិក បានប្រាប់ឲ្យដឹងដូច្នេះថា «លោក ម៉ាក សត (Marc Short) ប្រធានការិយាល័យអនុប្រធានាធិបតីអាមេរិក បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 និងបានចាប់ផ្តើមអនុវត្តនីតិវិធីចត្តាឡីស័ក ក៏ដូចជាជួយសហការក្នុងដំណើរការស្វែងរកអ្នកពាក់ព័ន្ធដទៃទៀត»

គួរជម្រាបថា បើតាមលោក អូម៉ាល្លី លោក Mike Pence និងភរិយា បានធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 និងមានសុខភាពល្អជាធម្មតា។ កន្លងមកលោក Pence ក៏ធ្លាប់មានអ្នកនាំពាក្យ និងទីប្រឹក្សាឆ្លងជំងឺនេះដែរ ប៉ុន្តែលោកពុំបានឆ្លងឡើយ គឺដូចពេលនេះដែរ៕