(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បាននិយាយថា ពួកគេបានរកឃើញថូបុរាណចិនមួយនៅស.វទី១៥ មានតម្លៃ ៣.៣លានដុល្លារអាមេរិក ដែលត្រូវបានគេលួច នៅប្រទេសស្វីស កាលពីឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

ប៉ូលិសអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអង់គ្លេស) បានគូសបញ្ជាក់ថា ពួកគេបានចាប់ខ្លួនបុរស០២នាក់ពីបទលួចយកថូរាជវង្សមីង (Ming) ដែលថូនោះ ត្រូវបានគេលួចចេញពីប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ដោយក្រុមឧក្រិដ្ឋកម្មដែលរៀបចំឡើងនៅទីក្រុងឡុងដ៍។

គួរជម្រាបថា បើតាមប៉ូលិសអង់គ្លេស ជនសង្ស័យ០២នាក់ខាងលើ ដែលមានអាយុ៤៤ឆ្នាំ និង៤២ឆ្នាំត្រូវបានចាប់ខ្លួននៅឯតំបន់ Mayfair ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីសប្តាហ៍មុន ពីបទសង្ស័យកាន់កាប់ទំនិញដែលត្រូវបានគេលួច។ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំរហូតដល់ពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ហើយថូនោះ នឹងត្រូវផ្ញើរត្រលប់ទៅកាន់ប្រទេសស្វីសវិញ៕