(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក ចូណាថាន់ រ៉ាត ហូហ្វមែន (Jonathan Rath Hoffman) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងលើប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់ប្រទេសតួកគី អាចនឹងមានផលវិបាកកាន់តែធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា (Ankara) និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

លោក Hoffman បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្រសួងការពារជាតិអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុត នៅក្នុងលក្ខខណ្ឌដែលអាចធ្វើទៅបាន ចំពោះការធ្វើតេស្តសាកល្បងលើ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់ប្រទេសតួកគី ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ដោយមានការយល់ព្រមពីប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan)»

លោក Hoffman ក៏បានគូសបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះថា «ការធ្វើប្រតិបត្តិការលើប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មិនស្របទៅតាមការប្តេជ្ញាចិត្តរបស់ប្រទេសតួកគី ក្នុងនាមជាសម្ព័ន្ធមិត្តអាមេរិក និងណាតូ (NATO) នោះឡើយ»។ ដោយឡែករដ្ឋមន្រ្តីក្រសួងការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ (Hulusi Akar) បានគូសបញ្ជាក់តបវិញថា ប្រទេសរបស់លោកបានធ្វើតេស្តសាកល្បង លើប្រព័ន្ធមីស៊ីលដែនអាកាស S-400 នេះនៅទីក្រុង សាយណុប (Sinop) ប្រទេសតួកគី ហើយការធ្វើតេស្តសាកល្បងនេះ ត្រូវបានគ្រោងទុកជាធម្មតាប៉ុណ្ណោះនៅក្នុងកិច្ចសន្យា។

គួរជម្រាបថា ប្រទេសតួកគីបានប្តេជ្ញាម្តងហើយម្តងទៀត ក្នុងការធ្វើឱ្យប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលបានទិញពីប្រទេសរុស្ស៊ី និងបញ្ជូលមកដល់ប្រទេសនេះ កាលពីរដូវក្តៅកាលពីឆ្នាំ២០១៩ កន្លងទៅ ដំណើរការទៅតាមគម្រោង ទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ៕