(វ៉ាស៊ីនតោន)៖ ក្រៅពីការរិះគន់ឥតឈប់ឈរលើលោក ដូណាល់ ត្រាំ អំពីភាពបរាជ័យក្នុងការគ្រប់គ្រងវិបត្តិ COVID-19 បេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក៏បានបោះជំហ៊ានថ្មីមួយទៀតដែរក្នុងការឃោសនា នោះគឺលោកបានសន្យាថា នឹងចែកវ៉ាក់សាំង COVID-19 ជូនប្រជាជនអាមេរិកទាំងអស់តែម្តង «ដោយមិនគិតថ្លៃ» ឬភាសាអង់គ្លេសហៅថា «Free» នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

លោក ចូ បៃដិន បានថ្លែងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅក្នុងទីក្រុងវីលមីងតុន (Wilmington) នៃរដ្ឋ ដេឡាវែ (Delaware) នៅថ្ងៃសុក្រសប្តាហ៍នេះយ៉ាងដូច្នេះថា «នៅពេលដែលយើងមានវ៉ាក់សាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពហើយ នោះវាក៏ដល់ពេលដែលត្រូវចែកទៅគ្រប់គ្នា ដោយមិនគិតថ្លៃដែរ។ អ្នកត្រូវបានធានាសុវត្ថិភាពហើយ»

បេក្ខជនប្រធានាធិបតីវ័យ ៧៧ឆ្នាំរូបនេះ បានវាយប្រហារបន្ថែមទៀតទៅលើលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «COVID-19 កំពុងបំផ្លាញអ្វីៗជាច្រើន ដែលយើងមិនធ្លាប់ជួបប្រទះនោះឡើយ នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ហើយវាក៏មិនទាន់បង្ហាញសញ្ញាថយចុះនៅឡើយដែរ។ វីរុសនេះបានផ្តាច់ជីវិតប្រជាជនយើងជាង ២២៣,០០០នាក់ហើយ ហើយនិងកំពុងកើនឡើងស្ទើរគ្រប់រដ្ឋទាំងអស់។ ជាង ៨ខែមកនេះយើងបានដើរឆ្លងកាន់វិបត្តិ ហើយប្រធានាធិបតី (លោក ត្រាំ) នៅតែមិនទាន់មានផែនការ នៅក្នុងការដោះស្រាយឡើយ»។

សហរដ្ឋអាមេរិកនឹងធ្វើការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ (ពេលវេលានៅអាមេរិក)។ ទោះជាយ៉ាងណា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះពលរដ្ឋអាមេរិកជាង ៥០លាននាក់ហើយ បានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេមុនកាលកំណត់ ខណៈអ្នកជំនាញជឿជាក់ថាចំនួនអ្នកចូលរួមបោះឆ្នោត ក្នុងអាណត្តិនេះនឹងមានអាត្រាខ្ពស់ជាប់កំណត់ត្រាថ្មីមួយ។

បើតាមលោក ម៉ៃខឺល ម៉ាកដូណាល់ (Michael McDonald) ជាអ្នកជំនាញខាងការបោះឆ្នោតមុនកាលកំណត់ មកពីសាកលវិទ្យាល័យផ្ល័ររីដា (University of Florida) ប្រជាជនអាមេរិកយ៉ាងហោច ៥២លាននាក់ បានបោះឆ្នោតមុនកាលកំណត់ តាមរយៈការទៅបោះឆ្នោតដោយផ្ទាល់ និងតាមប្រៃសនីយ៍ ១១ថ្ងៃមុនថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ចូលមកដល់។ លោក McDonald បានបន្ថែមថា ចំនួននេះស្មើនឹង ២២ភាគរយនៃអ្នកដែលមានសិទ្ធិ និងចុះឈ្មោះបោះឆ្នោត ហើយដែលនឹងជំរុញឱ្យអ្នកចូលរួមបោះឆ្នោតនឹងកើនលើស ៦០ភាគរយ បើធៀបទៅនឹងការបោះឆ្នោតកាលពីអាណត្តិមុន។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន លោក បៃដិន មានឱកាសជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ច្រើនជាងលោក ត្រាំ។ ទោះជាយ៉ាងណា លោក ត្រាំ បាននិយាយតបវិញថា ការស្ទង់មតិទាំងអស់នោះ ហាក់ដូចជាមើលស្រាលការគាំទ្រចំពោះលោកពេក ដោយលោកបានគូសបញ្ជាក់យ៉ាងច្នេះថា «ខ្ញុំគិតថាយើងកំពុងនាំមុខនៅក្នុងរដ្ឋជាច្រើន ដែលអ្នកទាំងអស់គ្នាមិនបានដឹង»៕