(សេអ៊ូល)៖ កាសែតរដ្ឋ រ៉ូដុងស៊ីនម៉ាន់ (Rodong Sinmun) របស់ប្រទេសកូរ៉េខាងជើង បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះថា ធូលីដីនៅរដូវរំហើយ ដែលហុយពីប្រទេសចិន ចូលមកប្រទេសកូរ៉េខាងជើង អាចមានផ្ទុកវីរុសកូរ៉ូណា (COVID-19) ដូច្នេះប្រជាជនទាំងអស់ត្រូវបានណែនាំ ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីសុវត្ថិភាព។ នេះបើតាមការដកស្រង់ព័ត៌មានដោយ CNA។

កាសែតរដ្ឋកូរ៉េខាងជើង បានសរសេរយ៉ាងដូច្នេះថា «ខណៈដែលវីរុសកូរ៉ូណាថ្មី (COVID-19) នៅតែបន្តរីករាលដាលពាសពេញពិភពលោកនៅឡើយនោះ យើងត្រូវតែមានដំណោះស្រាយចំពោះធូលីលឿង និងចំណាត់ការផ្សេងៗឲ្យបានហ្មត់ចត់បំផុត»។ កូរ៉េខាងជើងបានអះអាងថា វីរុសកូរ៉ូណាអាចរសាត់ចូលមកប្រទេសនេះ តាមរយៈធូលីពណ៌លឿង ដែលហុយមកពីវាលខ្សាច់ កូប៊ី (Gobi) នៅក្នុងទឹកដីចិន ដែលមានចម្ងាយ ១,៩០០គីឡូម៉ែត្រពីកូរ៉េខាងជើង។

គួរបញ្ជាក់ថា សេចក្តីណែនាំបន្ថែមរបស់កូរ៉េខាងជើងខាងលើ គឺត្រូវបានធ្វើឡើងក្រោយពីខ្លួនបានដឹងលឺ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយចំនួនបានរកឃើញថា វីរុសកូរ៉ូណាអាចរស់នៅក្នុងខ្យល់ បានរយៈពេលរាប់ម៉ោង ជាពិសេសនៅក្នុងខ្យល់ត្រជាក់។ ក្នុងន័យនេះប្រជាជនកូរ៉េខាងជើងទាំងអស់ ត្រូវបានណែនាំឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះ និងអនុវត្តគម្លាតសុវត្ថិភាព ២ម៉ែត្រ ព្រមទាំងពាក់ម៉ាស់ជានិច្ច នៅពេលមានកិច្ចការចាំបាច់ត្រូវចេញទៅក្រៅ។ ប្រទេសកូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់៕