(វ៉ាស៊ីនតោន)៖ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ធំៗចំនួន ២ បានចាប់ផ្តើមឡើងវិញហើយ នៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលបានបង្ហាញពន្លឺនៃក្តីសង្ឃឹម ខណៈចំនួនករណីឆ្លងបានកើនឡើងកប់ពពកនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) បានប្រកាសឲ្យដឹងថា ការធ្វើតេស្តលើបេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានអភិវឌ្ឍរួមជាមួយសាកលវិទ្យាល័យ អក់ស្វឺដ (Oxford) បានចាប់ផ្តើមឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកក្រោយអ្នកចូលរួមម្នាក់ ធ្លាក់ខ្លួនឈឺកាលពី ០៦សប្តាហ៍មុន។ ក្រុមហ៊ុនបានបញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃនេះបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក។

ការសាកល្បងវ៉ាក់សាំងត្រូវបានផ្អាកនៅទូទាំងពិភពលោក កាលពីថ្ងៃទី០៦ ខែកញ្ញា ប៉ុន្តែបានចាប់ផ្តើមឡើងវិញភ្លាមៗ នៅចក្រភពអង់គ្លេស បន្ទាប់មកនៅប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល និងជប៉ុនក្រោយមន្ត្រីសុខាភិបាលកំណត់ថា ជំងឺដែលបង្កឡើងលើអ្នកចូលរួម មិនមានជាប់ពាក់ព័ន្ធទៅនឹងវ៉ាក់សាំងនោះឡើយ។

កម្មវិធីធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺជាគម្រោងដ៏លេចធ្លោមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន ១០ផ្សេងទៀត ដែលកំពុងធ្វើតេស្តលើមនុស្សរាប់ម៉ឺននាក់ នៅក្នុងការសាកល្បងដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍវ៉ាក់សាំង។ ក្រុមហ៊ុនបានលក់ជាមុននូវវ៉ាក់សាំង ក្នុងតម្លៃរាប់រយលានដុល្លារ ទៅឲ្យប្រទេសជាច្រើន ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនដទៃទៀត ដើម្បីធានាឲ្យប្រាកដថា វ៉ាក់សាំងអាចផលិតនៅក្នុងស្រុកបានផងដែរ៕

គួរជម្រាបថា បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន ចនសុន និង ចនសុន (Johnson & Johnson) ក៏បានប្រកាសថា ខ្លួនកំពុងរៀបចំចាប់ផ្តើមឡើងវិញ នូវការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីត្រូវបានផ្អាកកាលពីសប្តាហ៍មុន ក្រោយអ្នកចូលរួមម្នាក់ធ្លាក់ខ្លួនឈឺ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានគូសបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ យើងមិនបានរកឃើញភ័ស្តុតាងច្បាស់លាស់ណាមួយ ដែលជាប់ពាក់ព័ន្ធជាមួយនឹងវ៉ាក់សាំងរបស់យើងនោះឡើយ៕