(អាឡាបាម៉ា)៖ គ្រោះថ្នាក់ធ្លាក់យន្ដហោះយោធាខ្នាតតូចមួយគ្រឿង ចំផ្ទះប្រជាជនអាមេរិកក្នុងរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក បានបណ្ដាលឱ្យអាកាសយានិកពីរនាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

បើតាមអាជ្ញាធរក្នុងតំបន់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខាងលើរបស់កងទ័ពជើងទឹកអាមេរិក មិនបានបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសនៅលើដីនោះទេ។ រូបភាពនៃហេតុការណ៍ធ្លាក់យន្ដហោះនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ ប៉ុន្តែមកទល់នឹងពេលនេះគេមិនទាន់អាចកំណត់មូលហេតុពិតប្រាកដ ដែលបានធ្វើឱ្យយន្ដហោះយោធានេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរជម្រាបថា នៅក្នុងគ្រោះថ្នាក់កាលពីថ្ងៃសុក្រម្សិលមិញ ផ្ទះមួយខ្នងបានឆាបឆេះ និងរងការខូចខាតយ៉ាងដំណំ រីឯរថយន្ដជាច្រើនគ្រឿងទៀតក៏ត្រូវខូចខាតផងដែរ៕