(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បាននិយាយថា ខ្លួនអាចនឹងសម្រេចចិត្ត មិនទទួលស្គាល់លិខិតឆ្លងដែនរបស់អង់គ្លេស ដែលបានផ្តល់ឲ្យពលរដ្ឋហុងកុង នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

អ្នកនាំពាក្យក្រសួងចិន លោក Zhao Lijian បាននិយាយថា ចក្រភពអង់គ្លេសបាន រំលោភលើការសន្យារបស់ខ្លួន ព្រមទាំងបានបំប៉ោងបញ្ហាទាក់ទាងនឹងលិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas)។

កាលពីខែឧសភាកន្លងទៅនេះ ចក្រភពអង់គ្លេសបានប្រកាសអនុញ្ញាតឲ្យ អ្នកកាន់លិខិតឆ្លងដែនបែបនេះ បានពន្យារពេលនិងមានលទ្ធភាពក្នុងការទទួលបានសញ្ជាតិអង់គ្លេសទៀតផង ដែលជំរុញឲ្យប្រជាជនហុងកុងរាប់ពាន់នាក់ប្រញាប់ប្រញាល់ ទៅដាក់ពាក្យស្នើសុំបន្តសុភពលភាព ខណៈដែលទីក្រុងប៉េកាំង បានចាត់ទុកទង្វើនេះគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីធី ផាធែឡ (Priti Patel) បានថ្លែងថា ប្រជាជនហុងកុងដែលកាន់ លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) មានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេសចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងចំនួន ៣លាននាក់ ក្នុងចំណោម ៧លាននាក់ មានសិទ្ធិស្នើសុំចូលសញ្ជាតិអង់គ្លេស។

គួរបញ្ជាក់ថា ប្រជាជនជាច្រើន ក្នុងទីក្រុងហុងកុង សុទ្ធតែមានលិខិត ឆ្លងដែន BN(O) ឬ British National (Overseas) ជាលិខិតឆ្លង ដែនពិសេស មួយ ដែលត្រូវ បានផ្តល់ជូនដល់ អ្នកតាំងទីលំនៅ អចិន្ត្រៃយ៍ ក្នុងទីក្រុងនេះ នៅមុខឆ្នាំ១៩៩៧ ពោលគឺមុន ពេលដែលចក្រភព អង់គ្លេស បាន សម្រេចប្រគ ល់ ហុងកុង ឲ្យទៅរដ្ឋាភិបាល ចិន ដីគោកវិញ ក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»។ នាពេលនោះទីក្រុងប៉េ កាំង បានសន្យាថា រដ្ឋបាល គ្រប់គ្រង ឯករាជ្យ របស់ ទីក្រុងហុងកុង នឹងបន្តគ្មាន ភាពប្រែប្រួល ក្នុងអំឡុងពេលយ៉ាងតិច ៥០ឆ្នាំ ក៏ប៉ុន្តែ មិនបានបញ្ជាក់ ឲ្យ បាន ច្បាស់ថា នឹងមានអ្វីកើត ឡើងបន្ទាប់ពី រយៈពេលនោះ កន្លងផុតទៅឡើយ។

ដោយឡែក កាលពី ឆ្នាំទៅលិខិត ឆ្លងដែន BN(O) មិនតិចជាង ៣៧,៥០០ច្បាប់នោះឡើយត្រូវបានធ្វើ ឲ្យមានសុពលភាព ឡើងវិញ ដែលវាបាន កើនឡើងដល់ ទៅ ៤៤ភាគរយបើធៀបនឹងឆ្នាំ២០១៥ និងអត្រាច្រើន ជាងគេបង្អស់ សម្រាប់អំឡុងពេល ជាងមួយទសវត្សរ៍ កន្លងទៅនេះ។ យ៉ាងណាមិញ BN(O) មិនផ្តល់សិទ្ធិស្នាក់ នៅដោយស្វ័យ ប្រវត្តិ នៅក្នុងចក្រភពអង់គ្លេសនោះឡើយ ក៏ប៉ុន្តែអ្នក ដែលមាន លិខិតឆ្លងដែននេះ អាចធ្វើដំណើរ ដោយពុំចាំបាច់ ទិដ្ឋាការ នៅទីនោះ បានសម្រាប់ពេល០៦ខែ និងអាចមានសិទ្ធិជ្រកកោន និងស្ថិតក្រោម ការពាររបស់ អាជ្ញាធរអង់គ្លេសបាន។គួររំលឹកថា ទីក្រុងហុងកុងធ្លាប់ជាដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស បន្ទាប់ពីសង្រ្គាមអាភៀននៅឆ្នាំ១៨៤២។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ ទើបអង់គ្លេសសម្រេចចិត្តប្រគល់ទីក្រុងហុងកុងឱ្យប្រទេសចិនវិញ ប៉ុន្តែត្រូវអនុវត្តតាម «នយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២ រហូតមកទល់បច្ចុប្បន្ន»។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសចិនបានធានាទុកសិទ្ធិស្វ័យភាពឲ្យហុងកុងរយៈពេល ៥០ឆ្នាំ (គិតពីឆ្នាំ១៩៩៧) ដែលមានន័យថា ហុងកុងអាចនៅរក្សាភាពដើមទាំងស្រុង នៃប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយ៕