(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី0៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោត (អាយុ១៨ឆ្នាំឡើង) និងបានចុះបញ្ជីឈ្មោះបោះឆ្នោតរួចហើយនោះ នឹងត្រូវទៅបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាណត្តិថ្មីរបស់ពួក ដែលមានជម្រើសពីរនោះគឺលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។ បើតាមការស្ទង់មតិថ្នាក់ជាតិ លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ដល់ទៅ ១០ពិន្ទុ ក្នុងសំឡេងគាំទ្រ ៥២ភាគរយ ទល់នឹង ៤២ភាគរយ។ ទោះជាយ៉ាងណា ការស្ទង់មតិកាលពីឆ្នាំ២០១៦ ក៏ធ្លាប់បានព្យាករណ៍ដែរថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី តែចុងក្រោយបែរជាលោក ត្រាំ ជាអ្នកជាប់ឆ្នោតទៅវិញ។

បញ្ហានេះគឺដោយសារតែ «ប្រព័ន្ធបោះឆ្នោតអ្នកតំណាង» នេះតែម្ដង។ បើដូច្នេះមែន តើលោក ត្រាំ ឬលោក បៃដិន ដែលនឹងទទួលបានជ័យជម្នះ? មុននឹងដឹងចម្លើយ យើងគួរតែស្វែងយល់ពី ដំណើរការនៃប្រព័ន្ធបោះឆ្នោតអាមេរិកជាមុនសិន។

សហរដ្ឋអាមេរិក ប្រើប្រព័ន្ធបោះឆ្នោតមួយដែលគេស្គាល់ជាទូទៅថា «electoral college»«អង្គអ្នកបោះឆ្នោតតំណាង»។ នៅក្រោមប្រព័ន្ធនេះ បេក្ខជនប្រធានាធិបតីអាមេរិកណា ដែលទទួលបានសំឡេងបោះឆ្នោតពីប្រជាជន ឬ Popular Vote ច្រើនជាងដៃគូប្រជែងរបស់ខ្លួន មិនប្រាកដថានឹងអាចជាប់ឆ្នោតជាប្រធានាធិបតីនោះទេ។ រឿងបែបនេះបានកើតឡើងចុងក្រោយបំផុត អំឡុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដោយកាលណោះលោក ដូណាល់ ត្រាំ ចាញ់សំឡេងឆ្នោត Popular Vote លោកស្រី ហ៊ីលឡារី គ្លីនតុន ដល់ជិត ៣លានសំឡេង តែលោកនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥ ដោយសារតែទទួលបានសំឡេងភាគច្រើនពី «អ្នកបោះឆ្នោតតំណាង» ឬ «electoral votes»។
ដើម្បីអាចប្រជែងយកតំណែងជាប្រធានាធិបតី បេក្ខជនម្នាក់ៗត្រូវបំពេញលក្ខខណ្ឌដូចជា៖ «ជាពលរដ្ឋកើតនៅសហរដ្ឋអាមេរិក, មានអាយុយ៉ាងតិច៣៥ឆ្នាំ និងបានរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ១៤ឆ្នាំ»។ ខាងក្រោមនេះជាសំនួរសំខាន់ៗទាំង ៥ ដើម្បីឲ្យលោកអ្នកស្វែងយល់បន្ថែម អំពីដំណើរការបោះឆ្នោត និងលទ្ធភាពឈ្នះឆ្នោតនៃបេក្ខជន ដែលកំពុងឈរឈ្មោះទាំងពីររូប៖

១៖ តើប្រជាជនអាមេរិក បោះឆ្នោតឱ្យនរណា?

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាជនអាមេរិកនឹងបោះឆ្នោតតាមប្រៃសណីយ៍ ឬធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនអាមេរិកច្រើនជាង ៤០លាននាក់ហើយ បានបោះឆ្នោតមុនកាលកំណត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ និងតាមប្រៃសណីយ៍។

ជាទូទៅនៅតាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យភាគច្រើន ប្រជាជនគឺជាអ្នកបោះឆ្នោតរើសមេដឹកនាំដោយផ្ទាល់។ ប៉ុន្តែប្រព័ន្ធប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិក ថ្វីបើប្រជាជនមានសិទ្ធិគូសជ្រើសរើសបេក្ខជនប្រធានាធិបតី ដែលខ្លួនគាំទ្រនៅលើសន្លឹកឆ្នោតមែនពិត តែពួកគេមិនមែនជាអ្នកជ្រើសរើស ប្រធានាធិបតីដោយផ្ទាល់ឡើយ។ ពួកគេត្រូវបោះឆ្នោតជ្រើសរើស «អ្នកបោះឆ្នោតតំណាង» ជាមុនសិន ហើយបន្ទាប់មក ទើបអ្នកបោះឆ្នោតតំណាង ឬ «electoral votes» នោះធ្វើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីដោយផ្ទាល់។ អ្នកបោះឆ្នោតតំណាងប្រចាំរដ្ឋនីមួយៗ នៅក្នុងសហរដ្ឋអាមេរិក ប្រមូលផ្ដុំគ្នាបង្កើតបានជា «អង្គបោះឆ្នោតតំណាង» ឬគេហៅថា «electoral college»។ «Electoral college» នេះមិនមែនជាស្ថាប័ន ឬក្រសួងអ្វីនោះទេ តែវាគ្រាន់តែជាការប្រមូលផ្ដុំ អ្នកបោះឆ្នោតតំណាង នៅតាមរដ្ឋនីមួយៗតែប៉ុណ្ណោះ។

២៖ តើអ្នកបោះឆ្នោតតំណាងទាំងអស់មានប៉ុន្មានរូប?

អង្គបោះឆ្នោតតំណាង មានសមាសភាពអ្នកបោះឆ្នោតតំណាង ៥៣៨រូប ហើយដើម្បីក្លាយជាប្រធានាធិបតីអាមេរិក បេក្ខជនម្នាក់ត្រូវប្រមូលសំឡេងអ្នកបោះឆ្នោតតំណាង ឱ្យបានយ៉ាងតិច ២៧០រូប ឬ ៥០+១។ រដ្ឋនីមួយៗទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក មានចំនួនអ្នកបោះឆ្នោតតំណាង សមាមាត្រគ្នាទៅនឹងចំនួនសមាជិកសភាប្រចាំរដ្ឋរបស់ខ្លួន។ សភាអាមេរិកបែងចែកជាពីរ គឺព្រឹទ្ធសភា ឬសភាជាន់ខ្ពស់មានសមាជិក ១០០រូប និងសភាតំណាងរាស្រ្ត ឬសភាជាន់ទាបមានសមាជិក ៤៣៥រូប ដោយបូកបញ្ចូលគ្នាមាន ៥៣៥រូប។ តែដោយសាររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ឬគេស្គាល់ «District of Columbia» ត្រូវបានគេផ្ដល់ឱ្យអ្នកបោះឆ្នោតតំណាងរហូតដល់ ០៣រូបនោះ ទើបធ្វើឱ្យចំនួនអ្នកបោះឆ្នោតតំណាងសរុបមាន ៥៣៨រូប។

នៅក្នុងន័យនេះ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា ០២រូបស្មើៗគ្នា បើទោះជារដ្ឋនោះធំ ឬតូច មានប្រជាជនតិច ឬក៏ច្រើនក៏ដោយ។ ប៉ុន្តែចំនួនសមាជិកសភាតំណាងរាស្រ្តវិញ មិនស្មើគ្នាទេ គឺវាអាស្រ័យលើចំនួនប្រជាជននៃរដ្ឋមួយៗ។ ជាឧទាហរណ៍៖ រដ្ឋកាលីហ្វ័រញ៉ាមានប្រជាជនច្រើនជាងគេ គឺមានចំនួនអ្នកបោះឆ្នោតតំណាង ៥៥រូប, រដ្ឋតិចសាស់មាន ៣៨រូប ហើយរដ្ឋផ្ល័ររីដាមាន ២៩រូប និងរដ្ឋញូយ៉កមាន ២៩រូបដែរ។ ចំណែកឯរដ្ឋដែលមានប្រជាជនតិច តួយ៉ាងដូចជារដ្ឋ ម៉ុនតាណា (Montana), វ៉ាយយ៉ូមីង (Wyoming), សោតស៍ ដាកូតា (South Dakota), ណតស៍ ដាកូតា (North Dakota), អាឡាស្កា (Alaska), ដេឡាវែ (Delaware) និងរដ្ឋ វើម៉ុនត៍ (Vermont) មានអ្នកបោះឆ្នោតតំណាង ០៣រូបស្មើៗគ្នា។

៣៖ តើប្រព័ន្ធអ្នកបោះឆ្នោតតំណាង ដំណើរការទៅយ៉ាងដូចម្ដេច?

បើតាមខ ២ នៃមាត្រា ២ ក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវទទួលការបោះឆ្នោតជ្រើសតាំង ដោយអ្នកបោះឆ្នោតតំណាង។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានបញ្ជាក់លម្អិត អំពីការជ្រើសរើសអ្នកបោះឆ្នោតតំណាងឡើយ តែរដ្ឋមួយៗនៅសហរដ្ឋអាមេរិក មានប្រព័ន្ធជ្រើសរើសអ្នកបោះឆ្នោតតំណាងរៀងៗខ្លួន។

អ្នកបោះឆ្នោតតំណាងត្រូវបានបក្សរបស់ខ្លួន តែងតាំងជាបេក្ខភាព យោងទៅលើភាពស្មោះត្រង់ និងស្នាដៃដែលបានបម្រើបក្ស។ មិនតែប៉ុណ្ណោះ អ្នកបោះឆ្នោតតំណាងទាំងនោះទៀតសោត ក៏ត្រូវគាំទ្រគំនិតនយោបាយនៃបេក្ខជនប្រធានាធិបតី ដែលតំណាងឱ្យបក្សរបស់ខ្លួនផងដែរ។ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក មានរដ្ឋចំនួន ៤៨បូកទាំងរដ្ឋធានីវ៉ាស៊ីនតោន បានអនុវត្តក្បួនច្បាប់បោះឆ្នោត «Winner Take All»។ ចំណុចនេះវាមានន័យថា ប្រសិនបើបេក្ខជនប្រធានាធិបតី តំណាងឱ្យបក្សណានាំមុខគេនៅក្នុងរដ្ឋណាមួយ នោះគណបក្សនោះនឹងទទួលបានសំឡេងអ្នកបោះឆ្នោតតំណាង ប្រចាំរដ្ឋនោះទាំងអស់តែម្ដង។ ប៉ុន្តែប្រការនេះបានលើកលែងតែរដ្ឋចំនួន ០២ នោះគឺរដ្ឋ មេណេ (Maine) និងរដ្ឋ ណេប្រាស្កា (Nebraska) ដែលអនុវត្តប្រព័ន្ធបោះឆ្នោតសមាមាត្រ អាស្រ័យលើចំនួនសំឡេងឆ្នោត ដែលគណបក្សមួយៗទទួលបាន។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ អ្នកបោះឆ្នោតតំណាងនឹងត្រូវជួបជុំគ្នា ហើយ០៦ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ទើបជាការបោះឆ្នោតប្រធានាធិបតីពិតប្រាកដ។ នៅពេលនោះហើយ អង្គអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងជួបជុំគ្នាតាមរដ្ឋធានីនីមួយៗប្រចាំរដ្ឋរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីដោយផ្ទាល់។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅឯមន្ទីរព្រឹទ្ធសភា ជាពេលដែលប្រធានាធិបតីជាប់ឆ្នោត នឹងត្រូវប្រកាសជាផ្លូវការ។ ចំណែកឯពិធីស្បថចូលកាន់ តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនឹងត្រូវធ្វើឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

៤៖ តើអ្នកបោះឆ្នោតតំណាង ត្រូវតែគោរពតាមការបោះឆ្នោតប្រជាជន ឬ Popular Vote ឬទេ?

ក្រោយត្រូវបានជ្រើសរើសជាបេក្ខភាព អ្នកបោះឆ្នោតតំណាង ត្រូវស្បថសច្ចាប្រណិធានស្មោះស័្មគ្រជាមួយគណបក្ស និងបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សរបស់ខ្លួន។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានចែងថា អ្នកបោះឆ្នោតតំណាង ត្រូវតែគោរពតាមការបោះឆ្នោតប្រជាជន ឬ Popular Vote នោះទេ។ ប៉ុន្តែទន្ទឹមគ្នាមានរដ្ឋចំនួន ២៤ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានចែងច្បាប់ពិសេសថា អ្នកបោះឆ្នោតតំណាងមានភារកិច្ចបោះឆ្នោត ស្របទៅតាមចំនួនមតិភាគច្រើននៃប្រជាពលរដ្ឋ រស់នៅក្នុងរដ្ឋរបស់ខ្លួន។

ដូច្នេះនៅក្នុងករណីអ្នកបោះឆ្នោតតំណាង មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឬបោះឆ្នោតគាំទ្របេក្ខជនបក្សដទៃក៏ធ្លាប់កើតឡើងដែរ ហើយអ្នកបោះឆ្នោតតំណាងបែបនេះ គេហៅជាទូទៅថា «អ្នកបោះឆ្នោតតំណាងគ្មានសច្ចៈ ឬ Faithless Electors»។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បេក្ខជនប្រធានាធិបតីដែលបានចាញ់សំឡេងបោះឆ្នោតពីប្រជាជន តែនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតី ធ្លាប់កើតឡើងចំនួន ០៥ដងមកហើយ ក្នុងនោះថ្មីចុងក្រោយបំផុត គឺអំឡុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ ដោយកាលណោះលោក ដូណាល់ ត្រាំ ចាញ់សំឡេងឆ្នោត Popular Vote លោកស្រី ហ៊ីលឡារី គ្លីនតុន ដល់ទៅជិត ៣លានសំឡេង តែលោកនៅតែអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី ៤៥ ដោយសារតែទទួលបានសំឡេង ភាគច្រើនពីអ្នកបោះឆ្នោតតំណាង។

បន្ថែមពីកាលពីក្នុងឆ្នាំ២០០០ លោក ចច ដាប់ប៊ែលយូ ប៊ូស ក៏ដូចគ្នាដែរ ដោយលោកបានចាញ់ Popular Vote ជាមួយលោក អាល់ ហ្គ័រ (Al Gore) តែនៅបានជាប់ឆ្នោតជាប្រធានាធិបតី។ ប្រធានាធិបតីអាមេរិកចាញ់ Popular Vote បីរូបផ្សេងទៀតគឺលោក ចន អាដាម (John Quincy Adams) (ឆ្នាំ១៨២៤), លោក រ៉ាធើហ្វដ ហាយស៍ (Rutherford B. Hayes) (ឆ្នាំ១៨៧៦), លោក ប៊ិនចាមីន ណារីសុន (Benjamin Harrison) (ឆ្នាំ១៨៨៨)។

គួរជម្រាបថា ការរៀបរាប់ខាងលើ គឺគ្រាន់តែជារ៉ាយរ៉ាប់ពីការប្រព្រឹត្តទៅជាប្រក្រតី នៃដំណើរការបោះឆ្នោតប្រធានាធិបតីតែប៉ុណ្ណោះ។ ពោលគឺនៅក្នុងករណីមានជម្លោះ ឬមិនអាចរកឃើញអ្នកឈ្នះចាញ់ នោះនីតិវីធីបោះឆ្នោតអាចនឹងមានការប្រែប្រួល ដោយមានអន្តរាគមន៍ពីតុលាការកំពូល ឬសភាទាំង២របស់សហរដ្ឋអាមេរិក ផ្អែកទៅលើស្ថានភាពជាក់ស្ដែង។

៥៖ តើវិធីសាស្ត្រអ្វីខ្លះដែលត្រូវប្រើដើម្បីដោះស្រាយ ក្នុងករណីមានភាពចម្រូងចម្រាស នៅក្រោយការបោះឆ្នោត?

បច្ចុប្បន្នលោកប្រធានាធិបតី ដូណាល់ ត្រាំ ជឿជាក់ថា ជម្លោះលើលទ្ធផលបោះឆ្នោត នឹងត្រូវបានដោះស្រាយដោយតុលាការកំពូល។ រឿងបែបនេះធ្លាប់បានកើតឡើងថ្មីចុងក្រោយបំផុត ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០០០ រវាងលោក Al Gore ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ចច ដាប់ប៊ែលយូ ប៊ូស មកពីបក្សសាធារណរដ្ឋ។ លោក Al Gore បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋផ្ល័ររីដា ហើយតុលាការកំពូលប្រើពេល ៣៦ថ្ងៃ ដោយសម្រេចចិត្តឱ្យលោក ប៊ូស ជាអ្នកឈ្នះ។

ដោយឡែក ក្នុងករណីដែលគ្មានបេក្ខជនប្រធានាធិបតីអាមេរិកណាម្នាក់ ទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងភាគច្រើន ឬទទួលបានសំឡេងស្មើគ្នា ២៦៩ ទល់នឹង ២៦៩សំឡេង ឬក៏ជម្លោះដែលកើតឡើងមិនអាចឱ្យគេជ្រើសរើសប្រធានាធិបតីបាន នោះសភាទាំង២នឹងធ្វើអន្តរាគមន៍។ បើតាមច្បាប់ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញទី ១២ ក្នុងករណីបែបនេះកើតឡើង ព្រឹទ្ធសភាគឺជាបោះឆ្នោតឆ្នោតរើសអនុប្រធានាធិបតី រីឯសភាតំណាងរាស្ត្របោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយការបោះឆ្នោតរបៀបនេះគេហៅថា «contingent election»។ ការបោះឆ្នោតនៅក្នុងព្រឹទ្ធសភា គឺប្រព្រឹត្តទៅជាធម្មតា ដោយបេក្ខជនអនុប្រធានាធិបតី ត្រូវរកឱ្យបានសំឡេងចំនួន ៥១ ឬច្រើនជាងនេះ ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុប ១០០នាក់។

ចំណែកឯការបោះឆ្នោតរើសប្រធានាធិបតី នៅក្នុងសភាតំណាងរាស្ត្រ មិនមែនធ្វើឡើងដោយសមាជិកសភាតំណាងរាស្ត្រនោះទេ តែធ្វើឡើងតាមរយៈប្រតិភូប្រចាំរដ្ឋ ឬគេហៅថា «state delegation» ដែលកំណត់យកតែមួយសំឡេងប៉ុណ្ណោះ តំណាងប្រតិភូទាំងអស់នៃរដ្ឋនីមួយៗ។ បេក្ខជនប្រធានាធិបតីត្រូវប្រមូលសំឡេងឱ្យបាន ២៦សំឡេង ឬច្រើនជាងនេះ។ បច្ចុប្បន្ននៅក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក គណបក្សសាធារណរដ្ឋមានប្រតិភូភាគច្រើននៅក្នុងរដ្ឋចំនួន ២៦ រីឯគណបក្សប្រជាធិបតេយ្យ មានប្រតិភូភាគច្រើននៅក្នុងរដ្ឋចំនួន ២៣ ខណៈបក្សទាំងពីរមានប្រតិភូស្មើគ្នានៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania)។

ប្រសិនបើការបោះឆ្នោត contingent election នៅតែមិនអាចរើសប្រធានាធិបតីបាន នោះអនុប្រធានាធិបតីដែលជ្រើសរើសដោយព្រឹទ្ធសភា នឹងឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី រហូតដល់មានប្រធានាធិបតីផ្លូវការ។ ក៏ប៉ុន្តែក្នុងករណីគ្មានអនុប្រធានាធិបតី ឬគ្មានប្រធានាធិបតី ត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោត contingent election នោះប្រធានសភាតំណាងរាស្ត្រ ឬប្រធានព្រឹទ្ធសភា ឬមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក អាចនឹងដើរតួជាប្រធានាធិបតី រហូតដល់ប្រធានាធិបតី ឬអនុប្រធានាធិបតីត្រូវបានជ្រើសរើស។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក តាមក្បួនច្បាប់ «contingent election» គឺកម្រនឹងកើតឡើងណាស់ ដោយប្រធានាធិបតីដែលត្រូវបាន បោះឆ្នោតជ្រើសរើសតាមក្បួនច្បាប់នេះមានតែម្នាក់គត់ក្នុងឆ្នាំ១៨២៥ គឺលោក John Quincy Adams។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ត្រូវបានគេរំពឹងថា អាចនឹងមានភាពចម្រូងចម្រាស ខណៈលោក ដូណាល់ ត្រាំ មិនបានសន្យាថា លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។ លោក ត្រាំ បានចោទប្រកាន់ជារឿយៗថា ការបោះឆ្នោតតាមប្រៃសណីយ៍ អាចនឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត ហើយមិនតែប៉ុណ្ណោះ លោកក៏បាននិយាយដែរថា ប្រជាជនអាមេរិកអាចនឹងត្រូវរង់ចាំជាច្រើនខែ ទើបដឹងថានរណាឈ្នះ ឬនរណាចាញ់ ដោយលោកចង់សំដៅទៅលើបញ្ហា នៃការបោះឆ្នោត តាមប្រៃសយីណ៍នេះតែម្ដង៕