(ណាសវីល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រឈមមុខជាមួយគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា (ពេលវេលានៅអាមេរិក) នៅក្នុងការជជែកដេញដោលគ្នាចុងក្រោយរបស់អ្នកទាំងពីរ មុននឹងការបោះឆ្នោតឈានមកដល់ជិត ២សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។

ការជជែកដេញដោលដែលធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលម៉ុនត៍ (Belmont) នៅទីក្រុង ណាសវីល (Nashville) រដ្ឋ ធិនណេស៊ី (Tennesee) សហរដ្ឋអាមេរិក នឹងមានរនាំងកញ្ចាក់ការពានៅមុខវេទិកា សម្រាប់ការប្រុងប្រយ័ត្នបន្ថែម បន្ទាប់ពីលោក ត្រាំ ធ្លាប់បានឆ្លងជំងឺ COVID-19 កាលពី ៣សប្តាហ៍មុន។ អ្នកសម្របសម្រួលលើកនេះគឺលោកស្រី គ្រីស្ទិន វែលកឺ (Kristen Welker) ដោយមានប៊ូតុងបិទសំឡេងភ្ជាប់ជាស្រេច ដើម្បីធានាឲ្យប្រាកដថា បេក្ខជននីមួយៗអាចនិយាយ ដោយគ្មានការរំខានក្នុងអំឡុងពេលឆ្លើយសំណួរ នៅពេលស្ថិតក្នុងនាទីដែលខ្លួនមានសិទ្ធិនិយាយ។
ការផ្លាស់ប្តូរខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលលើកទីមួយមានភាពរញ៉េរញ៉ៃដោយ ការរំខាន, ការជេរប្រមាថ និងការស្រែកដាក់គ្នា។ លោកស្រី Kristen បានជ្រើសរើសប្រធានបទចំនួន ០៦ រួមមាន៖ បញ្ហា COVID-19, ក្រុមគ្រួសារអាមេរិក, ការរើសអើងជាតិសាសន៍ និងពណ៌សម្បុរ, បម្រែបម្រួលអាកាសធាតុ, សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិថ្នាក់ជាតិចុងក្រោយបង្អស់របស់សារព័ត៌មាន Reuters និង Ipsos បានបង្ហាញថា បច្ចុប្បន្ននេះលោក ត្រាំ កំពុងឈរពីក្រោយលោក បៃដិន ប្រមាណជា ៨ភាគរយ។ ខាងក្រោមនេះគឺជាវីដេអូនៃការតស៊ូមតិជុំទី ២ និងជាជុំចុងក្រោយ ដែលបាននិងកំពុងប្រព្រឹត្តទៅ៖