(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ហានិភ័យនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅលើជើងហោះហើរ ហាក់មានកម្រិតទាបណាស់ ប៉ុន្តែមិនអាចបដិសេធថា គ្មាននោះទេ បើទោះបីជាការសិក្សាបង្ហាញថា ករណីមានចំនួនតិចក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា«ការឆ្លងរាលដាលតាមរយៈការធ្វើដំណើរតាមជើងហោះហើរគឺអាចកើតឡើង ប៉ុន្តែហានិភ័យហាក់ដូចជាទាបណាស់ ដោយសារតែមរិមាណនៃអ្នកដំណើរ និងបាយការណ៍អំពីករណីឆ្លងគឺមានតិចតួច។ ប៉ុន្តែបើទោះបីបែបនេះក្តី ក៏មិនមែនមានន័យថា គ្មានករណីឆ្លងកើតឡើងនោះដែរ»

ស្ថាប័នអាកាសចរណ៍ពិភពលោក IATA បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី០៨ ខែតុលាថា មានករណីឆ្លងតែ ៤៤ករណីប៉ុណ្ណោះដែលត្រូវបានគេកំណត់អត្តសញ្ញាណ ក្នុងចំណោមអ្នកដំណើរ ១.២ពាន់លាននាក់ នៅឆ្នាំនេះ ឬមានន័យថា មានម្នាក់ក្នុងចំណោមអ្នកដំណើរ ២៧លាននាក់។ ប៉ុន្តែរបាយការណ៍នេះ ក្រោយមកត្រូវបានបដិសេធដោយ អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានស្រាវជ្រាវលើករណីនេះ។ លោកវេជ្ជបណ្ឌិត David Freedman អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា របាយការណ៍នេះគឺមិនត្រឹមត្រូវនោះទេ ពីព្រោះវាធ្វើឡើងដោយផ្អែកលើគណិតវិទ្យាដ៏អាក្រក់៕