(ប៊ែរឡាំង)៖ ការិយាល័យស្ថិតិអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាល្លឺម៉ង់) បានឱ្យដឹងថា ការលក់ក្រដាសអនាម័យ និងថ្នាំសម្លាប់មេរោគនៅក្នុងប្រទេស កំពុងតែកើនឡើងជាថ្មីម្តងទៀត ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបមួយនេះ កំពុងតែតស៊ូជាមួយការឆ្លងរីករាលនៃជំងឺ COVID-19 ជារលកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

ការិយាល័យស្ថិតិអាល្លឺម៉ង់ បានគូសបញ្ជាក់ថា «ការលក់ក្រដាសបង្គន់អនាម័យ នៅប្រទេសអាល្លឺម៉ង់ បានកើនឡើងរហូតដល់ ៨៩.៩ភាគរយកាលពីសប្តាហ៍មុន បើប្រៀបធៀបទៅនឹងមុនពេលមានវិបត្តិ។ បន្ថែមពីនេះ ថ្នាំសម្លាប់មេរោគក៏បានកើនឡើងដល់ ៧២.៥ភាគរយផងដែរ ខណៈសាប៊ូដុំ បានកើនឡើងដល់ ៦២.៣ភាគរយ ដែលសុទ្ធសឹងតែជារបស់ដែលមានតម្រូវការខ្ពស់ដូចគ្នា»។

ប្រទេសអាល្លឺម៉ង់ បានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកល COVID-19 ច្រើនជាងបណ្តាប្រទេសធំៗនៅអឺរ៉ុប ដូចជាចក្រភពអង់គ្លេស និងបារាំងជាដើម ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ករណីឆ្លងមានការកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍នេះ អាល្លឺម៉ង់បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃថ្មីៗជាង ១០,០០០ករណីជាលើកដំបូង។

គួរជម្រាបថា បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា បច្ចុប្បន្ន អាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ចំនួន ៣៩៣,៥២៥ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១០,០០០នាក់ និងជាសះស្បើយជាង ៣០២,០០០នាក់៕