(ហ្វីឡាឌែលហ្វៀ)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីស្វែងរកការគាំទ្រឱ្យលោក ចូ បៃដិន និងឆ្លៀតឱកាសកម្រមាននោះរិះគន់លោក ដូណាល់ ត្រាំ ចំៗផងដែរជុំវិញការដោះស្រាយវិបតិ្ត COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិក ច្រើនជាង ២សែននាក់ទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាក្នុងទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania) តំណាងឱ្យលោក បៃដិន ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអុនប្រធានាធិបតីរបស់លោក រួមទាំងបេក្ខជនអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថា លោក ដូណាល់ ត្រាំ មិនត្រឹមតែមិនបានការពារប្រជាជនអាមេរិកប៉ុណ្ណោះ ដោយសូម្បីតែខ្លួនឯងក៏ត្រូវឆ្លង COVID-19 ដែរ។

លោក អូបាម៉ា បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «នេះមិនមែនជាកម្មវិធីសម្ដែង នៅតាមកញ្ចក់ទូរទស្សន៍នោះទេ តែវាគឺជារឿងពិតៗ»។ លោក អូបាម៉ា ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅទៅលើអតីតកាល ជាអ្នកសម្ដែងតាមកញ្ចក់ទូរស្សន៍របស់លោក ត្រាំ។ យ៉ាងណាក៏ដោយជាការឆ្លើយតប កំឡុងធ្វើយុទ្ធនាការក្នុងទីក្រុង ហ្គាស្តូនៀ (Gastonia) នៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) លោក ដូណាល់ ត្រាំ បានលើកចំឈ្មោះលោក អូបាម៉ា ថាជាមនុស្សម្នាក់ដែលយ៉ាប់បំផុត និងជាអ្នកដែលបានជួយឃោសនា ធ្វើឱ្យលោកស្រី គ្លីនតុន ទទួលបរាជ័យ។

គួររំលឹកថា កាលពី ០៤ឆ្នាំមុន លោក បារ៉ាក់ អូបាម៉ា ក៏បានចូលរួមជួយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania មុនថ្ងៃបោះឆ្នោតចូលមកដល់។ Pennsylvania គឺជារដ្ឋមួយស្ថិតក្នុងចំណោមរដ្ឋចម្បងៗ ដែលអាចកំណត់ថានរណាឈ្នះ ឬចាញ់ (battleground states) ដែលគេជឿជាក់ថាអាចនឹងកំណត់ថា តើលោក ត្រាំ ឬលោក បៃដិន ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកខាងមុខនេះ ខណៈការស្ទង់មតិជាបឋមបានបង្ហាញលោក បៃដិន កំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋមួយនេះ៕