(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានអនុម័តរួចហើយ លើគម្រោងការលក់ប្រព័ន្ធអាវុធទំនើបៗចំនួន ០៣ ឱ្យកោះតៃវ៉ាន់ក្នុងនោះរួមមានប្រព័ន្ធចាប់សញ្ញា ឬសិនស័រ (sensors), គ្រាប់មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នៅក្នុងតម្លៃសរុប ១.៨ពាន់លានដុល្លារ។ នេះបើតាមប្រភពពីមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថា សេតវិមានគ្រោងនឹងលក់ប្រព័ន្ធអាវុធចំនួន 0៥ ឱ្យទៅកោះតៃវ៉ាន់ដែលមានតម្លៃរហូតដល់ទៅ ៥ពាន់លានដុល្លារឯណោះ ខណៈរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនការដាក់សម្ពាធលើប្រទេសចិន និងព្រួយបារម្ភរឹតតែខ្លាំងពីបំណងបង្រួបបង្រួមកោះតៃវ៉ាន់ ដោយកម្លាំងយោធាដ៏ខ្លាំងអស្ចារ្យរបស់ទីក្រុងប៉េកាំង។

បើតាមមន្ទីរបញ្ចកោណ នៅក្នុងសេចក្ដីជូនដំណឹងជាផ្លូវការរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានប្រាប់សភានៅថ្ងៃពុធសប្ដាហ៍នេះថា ប្រព័ន្ធអាវុធដែលនឹងត្រូវលក់ឱ្យកោះតៃវ៉ាន់រួមមាន ប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS ១១គ្រឿងមានតម្លៃជាង ៤៣៦លានដុល្លារ, មីស៊ីល SLAM-ER ចំនួន ១៣៥គ្រាប់មានតម្លៃជាង ១ពាន់លានដុល្លារ និង ប្រព័ន្ធសិនស័រ MS-110 ចំនួន ០៦គ្រឿងមានតម្លៃជាង ៣៦៧លានដុល្លារ។

បន្ថែមពីលើនេះ រដ្ឋបាលលោក ត្រាំ ក៏ត្រូវបានគេរាយការណ៍ដែរថា គ្រោងនឹងលក់មីស៊ីលប្រឆាំងនាវាចម្បាំង ហាភូន (Harpoon) ឱ្យកោះតៃវ៉ាន់ យកទៅដំឡើងជាប្រព័ន្ធខែលការពារគ្រូសមីស៊ីល ឬគ្រាប់មីស៊ីលចង្អុលទិស (Cruise Missile) នៅតាមតំបន់ឆ្នេររបស់ខ្លួនផងដែរ ហើយបើតាមប្រភពពីក្រុមមន្ត្រីអាមេរិក ប្រព័ន្ធបាញ់មីស៊ីលចំនួន ១០០គ្រឿង និងមីស៊ីល ៤០០គ្រាប់អាចនឹងមានតម្លៃ ២ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ការសម្រេចចិត្តយល់ព្រមលក់អាវុធឱ្យកោះតៃវ៉ាន់ ដោយក្រសួងការបរទេសអាមេរិក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ចិនបានផ្លាស់ប្ដូរប្រព័ន្ធមីស៊ីលស៊េរីចាស់ៗរបស់ខ្លួន ដោយដំឡើងមីស៊ីលស៊េរីថ្មីៗ ដែលមានសមត្ថភាពហោះហើរលឿនជាងសំឡេង នៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍ ហើយតម្រង់ក្បាលទៅរកកោះតៃវ៉ាន់ជាស្រេច។ ចិនជារឿយៗតែងតែចាត់ទុកថា ការលក់អាវុធ ឬការគាំទ្រផ្នែកយោធាពីទីក្រុងវ៉ាស៊ីនតោន គឺជាការលើកទឹកចិត្តឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ និងផ្ដាច់ខ្លូនចេញពីចិនដីគោក ដែលតម្រូវឱ្យចិនចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធាតែម្ដង នៅក្នុងករណីចំាបាច់ ឬនៅពេលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕